ក្លឹបអ្នកកាសែតកម្ពុជាដែលមានលោក ពុយ គា ជាប្រធាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន ៣០ ស្ថាប័ន ធ្វើដំណើរមកកាន់ទីក្រុងបូកគោ ក្នុងខេត្តកំពត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបនៅទីនេះ។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា «កន្លងមកអ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។
ក្លឹបអ្នកកាសែតកម្ពុជាចង់បង្ហាញថា តំបន់ទេសចរណ៍នៅកម្ពុជាមានច្រើនណាស់ ហើយនៅចំពោះមុខនៃបម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅដែលកំពុងជួបប្រទះ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់តំបន់៖ ទីមួយ ភូមិភាគឦសាននៃប្រទេសកម្ពុជា នៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរ គីរីរម្យក្នុងខេត្តកំពង់ស្ពឺ។ ទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថា ក្តៅ ត្រជាក់ និងធ្លាក់អ័ព។ អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុកនិងអន្តរជាតិបានដឹង។» ។
តាមការគ្រោងទុក ដំណើរទស្សនកិច្ចអ្នកសារព័ត៌មានមកកាន់ ក្រុងបូកគោ ខេត្តកំពត នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ២០២៤។ រយៈពេល ៣ ថ្ងៃនេះ អ្នកសារព័ត៌មានចម្រុះស្ថាប័ន នឹងត្រូវទៅទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រសំខាន់ ៗ ជាច្រើនកន្លែង ព្រមទាំងទីតាំងបង្កើតថ្មីជាច្រើនកន្លែងផ្សេងទៀត ក្នុងនោះមានដូចជា ទឹកធ្លាក់ពពកវិល សំណង់បុរាណ ការដ្ឋាននៃសំណង់អភិវឌ្ឍន៍លើភ្នំបូកគោ ក៏ដូចជាកសិដ្ឋានបន្លែធម្មជាតិ និងចំការស្ត្រប័ររី ជាដើម៕ អត្ថបទ៖ ចេន សុភានាថ






