ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤នេះ អញ្ជើញជួបជាមួយ លោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។
សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WLCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅប្រទេសសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់លោក Tan Sri Dato Lim Soon Peng ជាប្រធានស្ថាបនិក ជាមួយសហស្ថាបនិកកិត្តិយស ០៦រូបផ្សេងទៀតដោយក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរ ។
WLCC មានការិយាល័យនៅ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ប៉ាពួញូហ្គីណេ វៀតណាម និងនៅក្នុងតំបន់ជាច្រើននៃប្រទេសចិន រួមមាន ហេណាន ប៉េកាំង ក្វាងទុង ក្វាងស៊ី ហ្វូជៀន ក្វានចូវ, ម៉ាកាវ, ហុងកុង ជាដើម ។
WLCC កំពុងមានការអភិវឌ្ឍនៅកម្ពុជា ដែលនឹងក្លាយជាចំណែកមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន៕







