
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រាប់អ៊ីស្រាអែល ឱ្យចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារជនស៊ីវិល បន្ទាប់ពីការវាយប្រហារដោយយោធានៅក្រុងរ៉ាហ្វា (Rafah) បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ និងខណៈដែលអាមេរិក ប្រឈមមុខនឹងការអំពាវនាវពីសមាជិកបក្សប្រជាធិបតេយ្យមួយចំនួនឱ្យបញ្ឈប់ការដឹកជញ្ជូនជំនួយយោធាទៅកាន់អ៊ីស្រាអែល។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា «អ៊ីស្រាអែលមានសិទ្ធិតាមប្រម៉ាញ់ក្រុមហាម៉ាស ហើយយើងក៏ដឹងថាការវាយប្រហារនេះបានសម្លាប់ភេរវករជាន់ខ្ពស់ហាម៉ាស ពីរនាក់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល ប៉ុន្តែអ៊ីស្រាអែល ត្រូវតែចាត់វិធានការប្រុងប្រយ័ត្នគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីការពារជនស៊ីវិល»។
លោក បៃដិន បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីក្នុងបក្សរបស់ខ្លួនឱ្យកាត់បន្ថយការគាំទ្រដល់អ៊ីស្រាអែល តាំងពីមុនពេលការវាយប្រហារតាមផ្លូវអាកាសកាលពីយប់ថ្ងៃអាទិត្យ ដែលបានដុតបំផ្លាញជំរំតង់ និងជំរកបណ្ដោះអាសន្ននៅក្រុងរ៉ាហ្វា ដោយបានសម្លាប់មនុស្ស ៤៥ នាក់ នេះទៅទៀត។
លោកស្រី អាឡិចសាន់ឌ្រៀ អូកាស៊ីអូ ខថេស (Alexandria Ocasio-Cortez) សមាជិកសភាប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់នៅក្នុងសភាតំណាងរាស្រ្ត កាលពីថ្ងៃចន្ទ បានហៅការវាយប្រហារនេះថា «ជាអំពើឃោរឃៅដែលមិនអាចប្រកែកបាន» ហើយបានធ្វើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា «វាដល់ពេលយូរហើយដែលលោកប្រធានាធិបតី ត្រូវធ្វើតាមពាក្យសម្ដីរបស់ខ្លួន និងផ្អាកជំនួយយោធា»៕