
មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) នៅថ្ងៃអង្គារ (២៨ ឧសភា) នេះ បានថ្លែងអំណរគុណដល់អាកាសយានិកយន្តហោះចម្បាំង និងលើកសរសើរដល់កងកម្លាំងដែនអាកាសផ្សេងទៀត ដែលបានតស៊ូទប់ទល់នឹងសមយុទ្ធប្រទេសចិន កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលហ្គេមសង្គ្រាមជុំវិញកោះនេះ។
ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានចាប់ផ្តើមសមយុទ្ធរយៈពេលពីរថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នៅក្នុងអ្វីដែលខ្លួនហៅថា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាចូលកាន់តំណែងរបស់លោក ឡៃ នៅសប្តាហ៍នោះ។ ចិននិយាយថា លោក ឡៃ ជាជនផ្ដាច់ខ្លួន ហើយមិនដែលច្រានចោលការប្រើកម្លាំងដើម្បីក្រសោបយកកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។
ក្នុងទស្សនកិច្ចមូលដ្ឋានទ័ពអាកាសឆ្នេរភាគខាងកើតនៃទីក្រុង ហ័រលៀន (Hualien) ដែលជាទីតាំងផ្ទុកយន្តហោះចម្បាំងទំនើបបំផុត F-16Vs របស់តៃវ៉ាន់ លោក ឡៃ បាននិយាយថា «ខ្ញុំសូមអរគុណបងប្អូនប្រុសស្រីទាំងអស់ដែលបានប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួន និងការពារសន្តិសុខជាតិ។ អ្នកទាំងអស់គ្នាពិតជាធ្វើបានល្អណាស់ក្នុងអំឡុងពេលដ៏តានតឹងនោះ»។
កងកម្លាំងការពាររបស់កោះតៃវ៉ាន់ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ប្រព័ន្ធការពារដែនអាកាសចល័ត និងយានដ្រូនឈ្លបយកការណ៍ ដើម្បីតាមដានសមយុទ្ធរបស់ចិននៅជុំវិញកោះនេះ ដែលបានចាប់ផ្តើមត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំថ្មីចូលកាន់តំណែង៕