
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃចន្ទ (ទី២៧ ខែឧសភា) បាននិយាយថា វិធីសាស្រ្តរបស់ប្រទេសលោកឆ្ពោះទៅរកកិច្ចចរចាដោយប្រយោល ស្តីពីការដកទណ្ឌកម្ម និងការសម្របសម្រួលការវិលត្រឡប់ពីគ្រប់ភាគីទាំងអស់ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅតែមិនផ្លាស់ប្តូរ។
លោក Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ដោយឆ្លើយតបទៅនឹងសំណួរអំពីការណ៍ដែលអាចផ្លាស់ប្តូរក្រុមចរចារបស់អ៊ីរ៉ង់ បន្ទាប់ពីលោក Ali Bagheri Kani ដែលជាប្រធានអ្នកចរចានុយក្លេអ៊ែររបស់ប្រទេស ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសចាំផ្ទះ បន្ទាប់ពីមរណភាពរបស់រដ្ឋមន្ត្រីការបរទេស លោក Hossein Amir-Abdollahian និងសំណួរអំពីលទ្ធភាពនៃការពន្យារពេលការចរចាពាក់ព័ន្ធនានា រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ នាថ្ងៃទី២៨ ខែមិថុនា។
ជាមួយគ្នានេះ លោកបានច្រានចោលសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលចោទប្រកាន់កិច្ចពិភាក្សា ដោយប្រយោល «ជាសម្ងាត់» រវាងសហរដ្ឋអាមេរិក និងមន្ត្រីអ៊ីរ៉ង់ ក្នុងនោះរួមមានទាំងលោក Bagheri Kani ផងដែរ នៅប្រទេសអូម៉ង់ កាលពីដើមខែនេះ ដោយលើកឡើងថា ពួកគេខ្វះសុចរិតភាព និងមានភាពមិនប្រាកដប្រាជា។
លោកបានបញ្ជាក់បន្ថែមថា ការផ្លាស់ប្តូរសារដោយប្រយោល រវាងអ៊ីរ៉ង់ និងភាគីអាមេរិក ស្តីពីការដកទណ្ឌកម្ម បានកំពុងបន្តទៅមុខយ៉ាងរលូន។ តែទោះជាយ៉ាងណាក្ដី អន្តរកម្មបែបនេះបានផ្តោតតែលើផ្នែកដែលទាក់ទងនឹងការដកការហ៊ុមព័ទ្ធ និងបញ្ហានុយក្លេអ៊ែរ ហើយមិនដែលទៅហួសពីក្របខ័ណ្ឌនោះទេ។
សូមរំលឹកថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមឲ្យមានការទប់ស្កាត់មួយចំនួន លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្ម។ តែសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញជាឯកតោភាគីលើទីក្រុងតេអេរ៉ង់ ដែលជំរុញឲ្យការប្តេជ្ញាចិត្តលើកម្មវិធីនុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ ត្រូវបានទម្លាក់ចោល៕