ថៃ៖ រដ្ឋបាលក្រុងបាងកក (BMA) កំពុងបង្កើនវិធានការដើម្បីទប់ស្កាត់ការកើនឡើងការឆ្លងវីរុស Covid-19។ លោក Pongsakorn Kwanmuang អ្នកនាំពាក្យសាលាក្រុងបាននិយាយថា រដ្ឋបាលក្រុងបាងកកបានវាយតម្លៃស្ថានការណ៍វីរុស Covid-19 ហើយបានសំរេចបង្កើនវិធានការទប់ស្កាត់ការចម្លងវីរុស និងឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លង។

លោកបាននិយាយថា រដ្ឋបាលក្រុងបាងកកនឹងចេញវិធានការរឹតត្បិតបន្ថែម ដើម្បីកាត់បន្ថយការចល័តរបស់មនុស្ស បង្កើនគ្រែដើម្បីសម្រួលករណីកម្រិតមធ្យម និងធ្ងន់ធ្ងរ និងបង្កើនការចាក់វ៉ាក់សាំងជាពិសេសចំពោះមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺមូលដ្ឋាន។ លោកនិយាយថា មនុស្សចាស់អាចទូរស័ព្ទទៅខ្សែទូរស័ព្ទបន្ទាន់ដើម្បីចុះឈ្មោះ។ យោងតាមលោក Pongsakorn បានឲ្យដឹងថា មានមណ្ឌលធ្វើចត្តាឡីស័កសហគមន៍ចំនួន ៦៥កន្លែងនៅតាមបណ្ដាខណ្ឌចំនួន៥០។
ក្រសួងសុខាភិបាលនឹងបញ្ជូនការផ្គត់ផ្គង់វ៉ាក់សាំង ទៅទីតាំងចាក់វ៉ាក់សាំង ២៥កន្លែងដែលគ្រប់គ្រងដោយរដ្ឋបាលក្រុងបាងកក រៀងរាល់ថ្ងៃចន្ទពេញមួយខែសីហា។ អាជ្ញាធរសុខាភិបាលថៃបានកត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារវីរុស Covid-19 ចំនួន ២១២នាក់ និងអ្នកឆ្លងថ្មីចំនួន ២១.៨៣៨នាក់នៅព្រឹកថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះកើនឡើងដល់ ៦.០៦៦នាក់ និងអ្នកឆ្លងសរុបចំនួន ៧៣៦.៥២២នាក់៕
អត្ថបទ៖ ប៊ុនថន