
ក្រុមអ្នកតវ៉ា កំពុងប្រមូលផ្តុំគ្នា ក្នុងទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ ខណៈដែលសមាជិកសភាគណបក្សប្រឆាំង ព្យាយាមជំរុញដាក់ចេញនូវច្បាប់ដ៏ចម្រូងចម្រាស ដែលផ្តល់ឲ្យពួកគេនូវអំណាចស៊ើបអង្កេតកាន់តែច្រើនជាងមុន និងទប់ស្កាត់អំណាចរបស់មេដឹកនាំ លោក Lai Ching-te ប្រកបដោយប្រសិទ្ធភាព។
ការក្រេវក្រោធចំពោះវិធានការនេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា នៅក្នុងសភា និងការតវ៉ាដ៏ធំបំផុតមួយចំនួនរបស់កោះតៃវ៉ាន់ គិតចាប់តាំងពីមានចលនានិស្សិតផ្កាឈូករ័ត្ន ក្នុងឆ្នាំ២០១៤ នៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលកាន់កាប់សភា ដោយរារាំងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទទួលបានការគាំទ្រជាមួយប្រទេសចិន។
ប្រជាជនកំពុងប្រមូលផ្តុំគ្នាម្តងទៀត នៅតាមដងផ្លូវ ជុំវិញសភា ចំពេលមានការព្រួយបារម្ភថា គណបក្សប្រឆាំង Kuomintang (KMT) និងសម្ព័ន្ធមិត្តរបស់គណបក្ស Taiwan People’s Party (TPP) នឹងសម្រេចបាននូវការអនុម័តច្បាប់នេះ នៅថ្ងៃអង្គារ (ទី២៨ ខែឧសភា) នេះ។ ចំណាត់ការនេះនឹងពង្រីកសមត្ថភាពរបស់សមាជិកសភា ក្នុងការកោះអញ្ជើញមេដឹកនាំ ក្រុមហ៊ុន និងសូម្បីតែសាធារណជនទូទៅមកសាកសួរ។ ហើយច្បាប់ក៏នឹងផ្តល់ឲ្យពួកគេនូវលទ្ធភាពចូលប្រើប្រាស់ឯកសារសម្ងាត់ផងដែរ។
លើសពីនោះទៀត មានការព្រួយបារម្ភថា អំណាចទាំងនោះអាចអនុញ្ញាតឲ្យសមាជិកសភាបង្ខូចរបៀបវារៈរបស់មេដឹកនាំ លោក Lai និងនាំឲ្យមានការលេចធ្លាយនូវព័ត៌មានរសើប និងការផ្តន្ទាទោស ចំពោះបុគ្គល ដែលបដិសេធមិនឆ្លើយសំណួរ។ កោះតៃវ៉ាន់មានស្ថាប័ន Control Yuan រួចហើយ ដែលជាផ្នែកត្រួតពិនិត្យរបស់រដ្ឋបាលដែលមានអំណាចក្នុងការស៊ើបអង្កេត និងចោទប្រកាន់មន្ត្រី។
គួរបញ្ជាក់ថា លោក Lai បានស្បថចូលកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់ កាលពីថ្ងៃទី២០ ខែឧសភា ហើយការធ្វើវិសោធនកម្មអាចរារាំងលទ្ធភាពរបស់លោក ក្នុងការបង្កើតគោលនយោបាយនៅក្នុងកោះ ដែលស្ថិតនៅចំកណ្តាលនៃភាពតានតឹង រវាងចិន និងសហរដ្ឋអាមេរិក៕