
ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវ៉ែស នឹងទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន នៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះ ជាការសម្រេចមួយដែលត្រូវបានថ្កោលទោសដោយអ៊ីស្រាអែលថា ជា «រង្វាន់» សម្រាប់ក្រុមហាម៉ាស ដោយការប្រកាសនេះកើតមានឡើងក្រោយរយៈពេលជាង ៧ខែ នៃសង្រ្គាមបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា។
ប្រទេសនៅតំបន់អឺរ៉ុបទាំង៣ ជឿថា គំនិតផ្តួចផ្តើមរបស់ពួកគេមានផលប៉ះពាល់ជានិមិត្តរូបយ៉ាងខ្លាំងក្លា ដែលទំនងជានឹងលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតឲ្យធ្វើតាម។ ពួកគេក៏ចង្អុលបង្ហាញពីតួនាទីជាប្រវត្តិសាស្ត្ររបស់ន័រវ៉ែស និងអេស្ប៉ាញ ក្នុងការជំរុញកិច្ចប្រឹងប្រែងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយក្នុងឆ្នាំ១៩៩១ ភាគីទាំង២ បានអង្គុយជាមួយគ្នាជាលើកដំបូង នៅក្នុងសន្និសីទសន្តិភាពទីក្រុងម៉ាឌ្រីដ ដែលត្រួសត្រាយផ្លូវឲ្យមានកិច្ចព្រមព្រៀងអូស្លូ ឆ្នាំ១៩៩៣។
កាលពីថ្ងៃទី២៧ ឧសភា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បាននិយាយថា៖ «ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺនិយាយអំពីយុត្តិធម៌ សម្រាប់ប្រជាជនប៉ាឡេស្ទីន»។ លោកបាននិយាយជាមួយសមភាគីអៀរឡង់ និងន័រវ៉ែសរបស់លោកថា វាក៏ជា «ការធានាដ៏ល្អបំផុតពីការមានសន្តិសុខ សម្រាប់អ៊ីស្រាអែល និងពិតជាចាំបាច់សម្រាប់ការឈានទៅដល់ការមានសន្តិភាព នៅក្នុងតំបន់»។
គួរបញ្ជាក់ថា ផែនការទទួលស្គាល់នេះត្រូវបានបង្ហាញកាលពីសប្តាហ៍មុន នៅក្នុងសេចក្តីប្រកាសដែលសម្របសម្រួលដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសទាំង៣ ដោយការទទួលស្គាល់ជាផ្លូវការ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសទាំង៣ នាថ្ងៃទី២៨ ខែឧសភានេះ៕