
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ (ទី២៧ ខែឧសភា) បានទៅគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពជាតិ Arlington ចំពោះអតីតយុទ្ធជនដែលបានពលីជីវិត ក្នុងសង្គ្រាមរបស់អាមេរិក ដោយសាទរពួកគេថា ជា «តំណភ្ជាប់នៃខ្សែច្រវាក់កិត្តិយស» ដែលសមនឹងទទួលបានការទទួលស្គាល់ សម្រាប់ការការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។
នៅក្នុងសុន្ទរកថាក្នុងទិវារំលឹកគុណរយៈពេល ៩នាទី ភ្លាមៗបន្ទាប់ពីដាក់កម្រងផ្កានៅឯវិមានរម្លឹកគុណដល់ទាហាន លោក Biden បាននិយាយថា៖ «សេរីភាពមិនធ្លាប់ទទួលបានការធានានោះឡើយ។ មនុស្សគ្រប់ជំនាន់ទាំងអស់ត្រូវតែប្រឹងប្រែង ដើម្បីទទួលបានវា។ តស៊ូដើម្បីវា។ ការពារវា ក្នុងសមរភូមិ រវាងអត្ថាធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យរបស់យើង គឺលើសពីប្រព័ន្ធរដ្ឋាភិបាលទៅទៀត។ វាគឺជាដួងព្រលឹងរបស់ប្រជាជនអាមេរិកគ្រប់គ្នា»។
សាររបស់លោក Biden គឺផ្ទុយស្រឡះពីសាររបស់លោក Donald Trump ជាគូប្រជែងរបស់លោក ដែលស្វះស្វែងរកការជាប់ឆ្នោតឡើងវិញ នៅឆ្នាំនេះ ដោយអតីតប្រធានាធិបតីរូបនេះបានបង្ហោះសារទិវារំលឹកកំហឹង នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក។ អតីតប្រធានាធិបតីរូបនេះបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា៖ «រីករាយទិវារំលឹកគុណទាំងអស់គ្នា ក្នុងនោះរួមទាំងមនុស្សអាក្រក់ផងដែរ ដែលកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបំផ្លាញប្រទេសដ៏អស្ចារ្យរបស់យើង»។
ជាមួយលោក Trump ក៏បានជូនពរនៅថ្ងៃប្រារព្ធទិវារំលឹកគុណដ៏រីករាយនេះ ចំពោះលោក Lewis Kaplan ជាចៅក្រមសហព័ន្ធទទួលខុសត្រូវលើការកាត់ក្តី ដែលអតីតប្រធានាធិបតីត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍។ លោក Trump បានហៅលោក Kaplan ថា ជា «ក្រុមឆ្វេងជ្រុលនិយម»។ លោកក៏បានហៅចៅក្រម លោក Arthur Engoron ដែលជាប្រធានទទួលខុសត្រូវសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីរបស់លោកថា ជា «មនុស្សមានសតិមិនគ្រប់»៕