ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យមិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ គិតគូរពិចារណាលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ«សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន» ដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនា នា ក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការវិនិ យោគដែលចាំបាច់បំផុតក្នុងអនុតំបន់នេះ ឱ្យមានដំណើរការឡើងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌ មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី៦ ខែសីហា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយប្រធានអង្គប្រជុំ និងអ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់។
ការលើកឡើងរបស់កម្ពុជាបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងវិស័យជាអាទិភាព និងបានកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌រវាងបណ្ដាប្រទេសមេគង្គ និងជប៉ុន និងដើម្បីធានាឱ្យបាននូវអនុតំបន់មេគង្គដែលកាន់តែរស់រវើក ដោយគិតគូរពិចារណាទៅលើជំងឺរាតត្បាតកូវីដ-១៩ និងការប្រឈមនានាដែលកំពុងកើតមាន។ ទន្ទឹមនេះដែរ រដ្ឋមន្ត្រីទាំងអស់បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងការថែរក្សាបាននូវសន្តិភាព និងស្ថិរភាព នៅក្នុងអនុតំបន់មេគង្គ និងឥណ្ឌូ-ប៉ាស៊ីហ្វិក៕ អត្ថបទ៖ គង់ ឌិន


