
មន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្សចំនួន ១៨នាក់ រួមទាំងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីទៅលើផ្សារទំនើបដ៏ធំមួយនៅក្នុងទីក្រុងគីវ កាលពីចុងសប្តាហ៍ ដោយធ្វើឲ្យវាក្លាយជាការវាយប្រហារដ៏សាហាវបំផុតដែលអ៊ុយក្រែនបានទប់ទល់ ក្នុងរយៈពេលជាច្រើន សប្តាហ៍ហើយនោះ។
លោក Oleh Syniehubov ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ បាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស ៥ នាក់ នៅបាត់ខ្លួននៅឡើយ។ លោកបាននិយាយថា មនុស្ស ៤៨នាក់ បានរងរបួស នៅក្នុងការវាយប្រហារទៅលើអគារនៃមជ្ឈមណ្ឌលផ្សារទំនើបEpicenter ខណៈដែលមានមនុស្សជិត ២០០នាក់ នៅខាងក្នុង។
ទីក្រុងខាគីវ ជាទីក្រុងធំបំផុតទី២របស់អ៊ុយក្រែន ដែលស្ថិតនៅជិតព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី បានឃើញការវាយប្រហាររបស់រុស្ស៊ី នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពនៅពេលវាយប្រហារនោះ បង្ហាញឲ្យឃើញពីផលប៉ះពាល់នៃអគារ ដោយកន្លែងទាំងមូលមានផ្សែងហុយ និងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ នគរបាលនិងសាក្សី បានពិពណ៌នាយ៉ាងហោចណាស់ការផ្ទុះចំនួនពីរ ដែលបានកើតឡើង។
លោក Oleksandr Lutsenko ប្រធានមជ្ឈមណ្ឌលផ្សារទំនើប Epicenter បាននិយាយថា ខ្លួនកំពុងស្ថិតនៅក្នុងការិយាល័យនៅជាន់ទី២ នៅពេលមានការផ្ទុះទាំងពីរនោះ បានកើតឡើង។