
រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីជំនួយយោធាដល់អ៊ុយក្រែន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប។
សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយយោធាចំនួន ៥ពាន់លានអឺរ៉ូ (៥,៤ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន តាមរយៈមូលនិធិក្រៅថវិកាហៅថា យន្តការសន្តិភាពអឺរ៉ុប ( European Peace Facility) ។ ប៉ុន្តែប្រាក់ដែលបានបង់ទាំងអស់ ត្រូវបានរក្សាទុកដោយហុងគ្រី។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗ មានសិទ្ធិវេតូ។
លោក ចូសិប បូរ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា៖«ការពន្យារពេលនេះ អាចវាស់វែងបានទាក់ទងនឹងជីវិតមនុស្ស»។ យើងបានយល់ព្រមថា ការរួមចំណែករបស់ហុងគ្រីចំពោះយន្តការសន្តិភាពអឺរ៉ុប នឹងមិនត្រូវបានប្រើ ដើម្បីផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែនឡើយ»។
រដ្ឋមន្ត្រីទាំងអស់ នឹងពិភាក្សាអំពីស្ថានភាពសមរភូមិនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov និងអគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក ( Jens Stoltenberg) ក៏នឹងចូលរួមក្នុងការពិភាក្សានេះផងដែរ។
នៅក្នុងរបៀបវារៈនេះដែរ គឺជាផែនការមានទឹកប្រាក់ចំនួន ១,៥ ពាន់លានអឺរ៉ូ ដែលកំណត់ដោយគណៈកម្មការអឺរ៉ុប ក្នុងខែមីនា ដើម្បីពង្រឹងឧស្សាហកម្មសព្វាវុធរបស់សហភាពអឺរ៉ុប ដើម្បីឲ្យវាមានភាពប្រសើរឡើង ដើម្បីការពារខ្លួន និងផ្តល់អាវុធដល់អ៊ុយក្រែន។