
អ្នកនាំពាក្យជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអាល្លឺម៉ង់ នៅតែប្រឆាំងចំពោះគំនិតនៃការបង្កើតខែលការពារពីទឹកដីរបស់អង្គការណាតូ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅអ៊ុយក្រែនភាគខាងលិច។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បាននិយាយនៅក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា៖«តាមទស្សនៈរបស់យើង ការធ្វើបែបនោះ នឹងក្លាយជាការពាក់ព័ន្ធមួយ ការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះនេះ ហើយនោះ គឺជាអ្វីដែលយើងមិនមានបំណងចង់ធ្វើ។
លោកក៏បាននិយាយសំដៅទៅលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងអគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg)។
កាលពីពេលថ្មីៗនេះ មានការអំពាវនាវពីប្រទេសមួយចំនួនសម្រាប់មហាអំណាចណាតូ ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ដោយបង្កើតប្រភេទខែលការពារមួយចំនួននៅពីខាងលើប្រទេសអ៊ុយក្រែន។
លោក Hebestreit មិនចង់ធ្វើអត្ថាធិប្បាយជាក់លាក់លើសំណួរថាតើ និងក្នុងទម្រង់បែបណាដែលអ៊ុយ ក្រែន បានផ្តល់ការធានាថា ខ្លួននឹងមិនធ្វើការវាយប្រហារលើគោលដៅ នៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងប្រព័ន្ធអាវុធដែលផ្គត់ផ្គង់ពីប្រទេសអាល្លឺម៉ង់នោះទេ។
លោក Hebestreit បានបញ្ជាក់ថា បទប្បញ្ញត្តិទាំងនេះ ត្រូវបានរក្សាជាការសម្ងាត់ និងបានបង្ហាញពីតម្លៃរបស់ពួកគេ។ លោកក៏បានកត់សម្គាល់ផងដែរថា ច្បាប់អន្តរជាតិចែងថា រដ្ឋដែលរងការវាយប្រហារ ក៏អាចការពារខ្លួន នៅក្រៅព្រំដែនរបស់ខ្លួនផងដែរ។