
ប្រទេសបារាំង នៅថ្ងៃចន្ទ (ទី២៨ ខែឧសភា) នេះ បានលុបចោលការដាក់រដ្ឋក្នុងគ្រាអាសន្ន នៅក្នុងដែនដីប៉ាស៊ីហ្វិករបស់ខ្លួន គឺនូវ៉ែល កាលេដូនី ប៉ុន្តែនឹងបន្តរក្សាបម្រាមគោចរ និងបញ្ជូនកម្លាំងទាហានរាប់រយនាក់បន្ថែមទៀត បន្ទាប់ពីមានចលាចលរយៈពេល ២សប្តាហ៍ ដែលបានបណ្ដាលឲ្យមនុស្ស ៧នាក់ ស្លាប់ និងរាប់រយនាក់ រងរបួស។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ ដើម្បីឲ្យគណបក្សគាំទ្រឯករាជ្យដ៏ធំ គឺគណបក្ស FLNKS បើកកិច្ចប្រជុំ និងដើម្បីឲ្យអ្នកតំណាងក្នុងតំបន់ ព្យាយាមដករបាំងចេញពីផ្លូវ។
គួរបញ្ជាក់ថា ក្រុងប៉ារីសបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីកុបកម្មបានផ្ទុះឡើង ដោយសារផែនការរបស់បារាំង ក្នុងការកែទម្រង់សិទ្ធិបោះឆ្នោត ក្នុងដែនដីនេះ។ នគរបាល និងទាហានជាច្រើនរយនាក់ ត្រូវបានបញ្ជូនរួចហើយទៅកាន់ដែនដីនូវ៉ែល កាលេដូនី។
អាជ្ញាធរបានឲ្យដឹងថា កងអាវុធហត្ថចំនួន ៤៨០នាក់ផ្សេងទៀត នឹងចាកចេញពីប្រទេសបារាំងធ្វើដំណើរទៅកាន់ដែនដីនេះ «ក្នុងរង្វង់រយៈពេលប៉ុន្មានម៉ោងខាងមុខ»។ ការិយាល័យរដ្ឋាភិបាលបារាំង នៅដែនដីនូវ៉ែល កាលេដូនី បាននិយាយថា បម្រាមគោចរពេលយប់ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក និងការហាមឃាត់មិនឲ្យលក់គ្រឿងស្រវឹង នឹងនៅតែមានដដែល។
ទោះបីជាប្រជុំកោះនេះមានសភាពស្ងប់ស្ងាត់ជាងមុន ក៏ការបង្កបញ្ហាមួយចំនួនត្រូវបានរាយការណ៍ថា កើតមាននៅតំបន់ Vallee-du-Tir របស់ទីក្រុងសំខាន់ Noumea។ គិតចាប់តាំងពីភាពចលាចលកើតឡើង មនុស្សជិត ៥០០នាក់ ត្រូវបានចាប់ខ្លួន៕