ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលលើការអនុវត្ត គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក្រោមវត្តមានលោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានសិក្ខាកាមចូលរួមមកពីក្រសួង ស្ថាប័ន អង្គការចំនួន ៥១ នាក់ នៅសណ្ឋាគារ Sun & Moon Riverside។
យោងតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឆ្នាំ២០២៣ បានអោយដឹងថា កុមារនៅកម្ពុជា គឺជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងពិតប្រាកដ។ កុមារ ៨នាក់ក្នុងចំណោមកុមារ ១០នាក់ ដែលមានអាយុ ១២ ទៅ ១៧ ឆ្នាំ គឺជាអ្នកប្រើប្រាស់អ៊ីនធឺណិត ទាំងក្មេងប្រុសទាំងក្មេងស្រី។ ដូចគ្នាទៅនឹងបណ្តាប្រទេសដទៃទៀតដែរ កុមារមានទំនោរប្រើប្រាស់អ៊ីនធឺណិតច្រើនជាងឪពុកម្តាយរបស់ពួកគេ។ ជាហេតុដែលឪពុកម្តាយនិងអ្នកថែទាំមិនអាចផ្តល់ការណែនាំដល់កូនៗរបស់ពួកគាត់ បានគ្រប់ជ្រុងជ្រោយ អំពីសកម្មភាពលើប្រព័ន្ធអនឡាញរបស់កុមារ។ កុមារស្ទើរតែ៤នាក់ ក្នុងចំណោមកុមារ៥នាក់ បានប្រើប្រាស់ អ៊ិនធឺណិតយ៉ាងតិច១ដង ក្នុង១ថ្ងៃ ស្របពេលដែលឪពុកម្តាយ ឬអ្នកថែទាំមានតែ ៤២% ប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណិត ១ដង ក្នុង១ថ្ងៃ។
កុមារជារឿយៗរាយការណ៍អំពីការចូលរួមនៅក្នុងឥរិយាបថដែលមានហានិភ័យនៅលើប្រព័ន្ធអនឡាញ រួមទាំងការជួបផ្ទាល់ជាមួយជនណាម្នាក់ដែលពួកគេបានជួបជាលើកដំបូងនៅលើប្រព័ន្ធអនឡាញ ឬការចែករំលែករូបភាព ឬវីដេអូអាក្រាតកាយរបស់ពួកគេផ្ទាល់ (ឥរិយាបទទាំងពីរនេះ គឺស្មើនឹង ៩% នៃកុមារ)។ ឥរិយាបថទាំងនេះជាទូទៅមិននាំឱ្យមានគ្រោះថ្នាក់ដល់កុមារនោះទេ តែនៅពេលដែលកើតឡើង គ្រោះថ្នាក់ដែល ទទួលរងគឺមានលក្ខណៈធ្ងន់ធ្ងរ។ កុមារលើសពី ១ នាក់ក្នុងចំណោម ១០នាក់ (១១%) ធ្លាប់ មានបទពិសោធន៍ទទួលរងទង្វើមួយចំនួននៃ ការកេងប្រវ័ញ្ច ឬការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រួមបញ្ចូលទាំង ការកេងប្រវ័ញ្ចផ្លូវភេទ ការចែករំលែករូបភាព ឬវីដេអូផ្លូវភេទដោយមិនមានការអនុញ្ញាត ឫសកម្មភាពផ្លូវភេទដោយបង្ខំ។ បទពិសោធន៍នៃការរំលោភបំពានទាំងនេះ បានកើតឡើងជាចម្បងនៅលើកម្មវិធី Facebook Messenger និងវេទិកា Facebook, TikTok និង YouTube។
អត្ថបទ៖ ស៊ូ ជីង










