
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូង បានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ២៦លានដុល្លារដល់ប្រទេសស៊ីរី និងតំបន់ជិតខាងរបស់ខ្លួន ដើម្បីជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ដែលបណ្តាលមកពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។
ក្រសួងបានឲ្យដឹងទៀតថា លោក Kweon Ki-hwan អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសកល និងពហុភាគី បានធ្វើសេចក្តីប្រកាសអំឡុងពេលសន្និសីទទីក្រុងប្រ៊ុចសែលលើកទី៨ស្តីពី «ការគាំទ្រអនាគតរបស់ប្រទេសស៊ីរី និងតំបន់» នៅប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទ។
ក្រសួងបានបញ្ជាក់ថា ប្រទេសដែលចូលរួមបានសន្យាផ្តល់ប្រាក់សរុបចំនួន ៣,៩ ពាន់លានអឺរ៉ូ (៤,២ ពាន់លានដុល្លារ)នៅឆ្នាំនេះ សម្រាប់ការផ្តួចផ្តើមគំនិតនេះ។
លោក Kweon បានសម្តែងការព្រួយបារម្ភចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើង នៅក្នុងប្រទេសស៊ីរី ដោយសារតែជម្លោះដែលបានបន្តអស់រយៈពេលជាង ១៣ឆ្នាំមកហើយ ហើយបានអំពាវនាវឲ្យមានសារៈសំខាន់នៃដំណោះស្រាយនយោបាយចំពោះស្ថានការណ៍នេះ។
ប្រទេសស៊ីរី កំពុងប្រឈមមុខនឹងស្ថានភាពមនុស្សធម៌ដ៏អាក្រក់មួយ ខណៈដែលសង្គ្រាមស៊ីវិលអូសបន្លាយ និងភាពចលាចល បានបំផ្លិចបំផ្លាញប្រទេស និងប្រជាជនរបស់ខ្លួន។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានប៉ាន់ប្រមាណថា ១,៥ ភាគរយនៃចំនួនប្រជាជន ២៣,៤លាននាក់របស់ខ្លួន ត្រូវបានសម្លាប់ នៅចន្លោះខែមីនា ឆ្នាំ ២០១១ ដល់ខែមីនា ឆ្នាំ២០២១ ហើយ ៧១ភាគរយ កំពុងត្រូវការជំនួយមនុស្សធម៌។