ភ្នំពេញ៖ ក្រុមហ៊ុនសមានា (Samanea) ដ៏ល្បីមួយនៅលើឆាកអន្តរជាតិបានចាប់ផ្ដើមសាងសង់ផ្សារទំនើបមួយដ៏ធំ ដែលស្ថិតនៅក្នុងតំបន់ទីក្រុងពាណិជ្ជកម្មភ្នំពេញដោយមានទំហំទឹកប្រាក់វិនិយោគរហូតដល់ជាង ៣០០លានដុល្លារអាមេរិក ខណៈផ្សារទំនើបនេះគឺជាកន្លែងផ្គត់ផ្គង់ទំនិញគ្រប់ប្រភេទសម្រាប់ប្រជាជនកម្ពុជា ជនជាតិចិន និងជាតិសាសន៍ជាច្រើនទៀតនោះ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសមានាដំណាក់កាលទី២ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នេះក្នុងតំបន់ទីក្រុងពាណិជ្ជកម្មភ្នំពេញ ដែលស្ថិតនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលនោះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានលើកឡើថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ រុងរឿងមានការរីកចំរើនគ្រប់វិស័យ ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងមានវឌ្ឍនភាពសេដ្ឋកិច្ចពាណិជ្ជកម្មកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអភិបាលស្រុកបានលើកឡើងទៀតថា កត្តាកំណើនសេដ្ឋកិច្ចនេះហើយដែលនាំឲ្យប្រទេសកម្ពុជាបានក្លាយជាគោលដៅវិនិយោគ និងទីផ្សារមួយប្រកបដោយសក្ដានុពលសម្រាប់វិនិយោគផ្ទាល់ពីបរទេសនោះ។ «ជាក់ស្ដែងតំបន់ទីក្រុងពាណិជ្ជកម្មភ្នំពេញនេះ គឺជាការវិនិយោគដោយផ្ទាល់ពីបរទេស ដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រូវបានសាងសង់ជាបន្តបន្ទាប់ស្ថិតនៅលើផ្ទៃដីសរុប ២៣ហិកតា ហើយនាពេលនេះសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងតំបន់នេះគឺផ្សារទំនើបសមានា ដែលជាផ្សារអាចផ្គត់ផ្គង់ទំនិញគ្រប់ប្រភេទមកពីបរទេសនោះ»។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបនេះដែរ លោក ហ្វូ ឈាន អគ្គនាយកក្រុមហ៊ុនសមានាបានលើកឡើងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ស្នូលនៃអាស៊ាន ដោយផ្អែកលើបរិយាកាសទីផ្សារបើកចំហ គោលនយោបាយការលើកលែងពន្ធ មានថ្លៃពលកម្មទាប ហើយប្រទេសកម្ពុជាបានក្លាយជាចំណុចសំខាន់មួយ សម្រាប់ពាណិជ្ជកម្មកែច្នៃសកល ដែលការទាក់ទាញពាណិជ្ជករកាន់តែច្រើនកាន់ដើម្បីវិនិយោគ និងចាប់ផ្ដើមអាជីវកម្មរបស់ពួកគេជាដើមនោះ។ លោកបន្តថា បច្ចុប្បន្ននេះអាជីវកម្មរបស់ក្រុមហ៊ុនសមានា បានគ្របដណ្តប់ទីក្រុងចំនួន៨ នៅក្នុងប្រទេសចំនួន៨ រួមមានទីក្រុងភ្នំពេញនៅប្រទេសកម្ពុជា ទីក្រុងបាងកកប្រទេសថៃ ទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី និងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី។ ទីក្រុងពាណិជ្ជកម្មភ្នំពេញសមានាមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ នៅត្រង់គីឡូម៉ែត្រលេខ២៣ គម្រោងនេះមានផ្ទៃដីចំនួន ៥០០.០០០ម៉ែត្រការ៉េ វាត្រូវបានអភិវឌ្ឍសាងសង់ និងដំណើរការដោយសហគ្រាសសមានាសិង្ហបុរី ហើយប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវកម្រិតខ្សែសង្វាក់ផ្គត់ផ្គង់នៃប្រទេសកម្ពុជា និងបង្កើត“ទីផ្សារកម្រិតផ្កាយប្រាំ” ដែលរួមបញ្ចូលការធ្វើពាណិជ្ជកម្មទំនិញ ឃ្លាំង និងភស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិក ការតាំងពិព័រណ៍អាជីព ការិយាល័យ និងលំនៅដ្ឋាន ការរស់នៅ ការកម្សាន្ត និងផ្ដល់មជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំ និងរាយសម្រាប់អាជីវករ និងអ្នកប្រើប្រាស់ទូទាំងប្រទេសដោយមានទំហំទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិកនោះ៕ អត្ថបទ៖ បាន ចក់



