
ប្រភពចារកម្មទីក្រុងគីវ បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានកំណត់គោលដៅលើរ៉ាដារយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសរុស្ស៊ីយ៉ាងជ្រៅ កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារលើកទី២ ក្នុង រយៈពេលមួយសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយទីក្រុងមូស្គូ ដើម្បីតាមដានសកម្មភាពយោធារបស់ប្រទេសអ៊ុយក្រែន។
ប្រភពនោះ បានបន្តថា ការវាយប្រហារនេះ គឺសំដៅទៅលើរ៉ាដា «Voronezh M» នៅជិតទីក្រុង Orsk ក្នុងតំបន់ Orenburg មានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រពីទឹកដីជិតបំផុតដែលកាន់កាប់ដោយកងកម្លាំងរបស់ទីក្រុងគីវ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ មិនបានប្រាប់ថា មានការខូចខាតអ្វីទេ ប៉ុន្តែការផ្លាស់ប្តូរនេះ នឹងធ្វើឲ្យវាក្លាយជាការប៉ុនប៉ងវាយប្រហារដ៏ជ្រៅបំផុតមួយនៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បានបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងមូស្គូលើបញ្ហានេះទេ ទោះបីជាសារព័ត៌មាន Izvestia របស់រុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា យានដ្រូន បានធ្លាក់នៅក្នុងតំបន់ Orenburg កាលពីថ្ងៃអាទិត្យ ហើយថា មិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវរងការវាយប្រហារទេ។
ប្រភពពីទីក្រុងគីវ ក៏បានបញ្ជាក់អំពីរបាយការណ៍នៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនមុននេះ ទៅលើរ៉ាដា «Voronezh-DM» នៅក្នុងតំបន់ Krasnodar ភាគខាងត្បូង កាលពីថ្ងៃទី២២ ខែឧសភា។