
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) នៅថ្ងៃអង្គារ (ទី២៨ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា មនុស្សប្រហែល ១លាននាក់ បានភៀសខ្លួនចេញពីទីក្រុង Rafah (រាហ្វាហ៍) របស់តំបន់ហ្កាហ្សា ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ។
ទីក្រុងតូចមួយនៅជ្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប បាន និងកំពុងផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ ដែលបានភៀសខ្លួនចេញពីការវាយលុករបស់អ៊ីស្រាអែលទៅលើផ្នែកផ្សេងទៀតនៃដែនដីនេះ។
ចាប់តាំងពីដើមខែឧសភាមក យោធារបស់អ៊ីស្រាអែល បាន និងកំពុងអនុវត្តនូវអ្វីដែលខ្លួននិយាយថា ជាប្រតិបត្តិការមានកំណត់ នៅក្នុងទីក្រុងរាហ្វាហ៍ ដើម្បីសម្លាប់ពួកសកម្មប្រយុទ្ធ និងរុះរើហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ដោយក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបានប្រាប់ជនស៊ីវិលឲ្យធ្វើដំណើរទៅកាន់ «តំបន់មនុស្សធម៌ដែលត្រូវបានពង្រីកយ៉ាងធំទូលំទូលាយ» ចម្ងាយប្រហែល ២០គីឡូម៉ែត្រ។
ប្រជាជនប៉ាឡេស្ទីនជាច្រើន បានត្អូញត្អែរថា ពួកគេងាយរងគ្រោះ ដោយសារវាយប្រហាររបស់អ៊ីស្រាអែលនៅគ្រប់ទីកន្លែងដែលពួកគេទៅ ហើយបាន និងកំពុងរើពីកន្លែងមួយទៅកន្លែង នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
UNRWA បានប្រាប់ថា ជើងហោះហើរពីទីក្រុងរាហ្វាហ៍ «បានកើតឡើងដោយគ្មានកន្លែងដែលមានសុវត្ថិភាព ក្នុងការធ្វើដំណើរទៅ និងចំពេលមានការទម្លាក់គ្រាប់បែក កង្វះអាហារ និងទឹក គំនរសំរាម និងស្ថានភាពរស់នៅមិនសមរម្យ»។ ទីភ្នាក់ងារនេះបានបន្ថែមថា ការផ្តល់ជំនួយ និងការការពារ កំពុងក្លាយជាលទ្ធភាព «មិនអាចទៅរួច»៕