
ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) គឺព្រះអង្គមា្ចស់ Sheikh Mohammed bin Zayed Al Nahyan បានយាងទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃអង្គារ (ទី២៨ ខែឧសភា) នេះ ជាកន្លែងដែលយន្តហោះរបស់ព្រះអង្គ ត្រូវបានស្វាគមន៍ដោយការហោះអមដំណើរកិត្តិយសពីយន្តហោះចម្បាំង ៤គ្រឿង មុនពេលដែលព្រះអង្គយាងចុះចតសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ីមួយនេះ។
កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ អាជីវកម្ម និងការវិនិយោគ ហើយនិងការផ្តួចផ្តើមគំនិតពីថាមពល គឺស្ថិតនៅក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងធ្វើនៅថ្ងៃពុធ (ទី២៩ ខែឧសភា) ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានក្លាយជាប្រទេសនាំចេញអាវុធដ៏ធំបំផុតមួយរបស់ពិភពលោក។ ការិយាល័យរបស់លោក Yoon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង២ នឹងពិភាក្សាគ្នា ស្ដីអំពីការធ្វើឲ្យ «ភាពជាដៃគូយុទ្ធសាស្រ្តពិសេសរបស់ប្រទេសទាំង២» កាន់តែស៊ីជម្រៅ។
ការិយាល័យរបស់ Yoon បានឲ្យដឹងបន្ថែមថា យន្តហោះចម្បាំង F-15K ចំនួន ៤គ្រឿង បានអមដំណើរយន្តហោះរបស់ព្រហអង្គម្ចាស់ Sheikh Mohamed នៅពេលដែលយន្តហោះនោះបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារជាតិរបស់កូរ៉េខាងត្បូង ហើយបានចុះចតនៅអាកាសយានដ្ឋានយោធាមួយនៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Sheikh Mohammed កំពុងឆ្លើយតបនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Yoon ទៅកាន់ទីក្រុង Abu Dhabi កាលពីដើមឆ្នាំមុន ដែលនៅពលនោះប្រទេសអារ៉ាប់រួម បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៣០ពាន់លានដុល្លារ សម្រាប់ការវិនិយោគនៅក្នុងអាជីវកម្មរបស់កូរ៉េខាងត្បូងលើវិស័យថាមពលនុយក្លេអ៊ែរ វិស័យការពារជាតិ អ៊ីដ្រូសែន និងថាមពលពន្លឺព្រះអាទិត្យ៕