ឧត្ដរមានជ័យ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយ មនុស្សធម៌ពីក្រុមហ៊ុន លឹម ស៊ីវម៉ី នូវគ្រឿងសម្ភារៈឧបភោគបរិភោគជាច្រើនមុខឧបត្ថម្ភជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីសំរាប់ប្រើប្រាស់ផ្គត់ផ្គង់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលកំពុងប្រឈមចំពោះការរាលដាលឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាពេលនេះ បានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងប្រទេសក៏ដូចជាសកលលោក។
ទន្ទឹមនោះដែរ ឯកឧត្តម សង្ឃឹមនិងជឿជាក់ថា ក្នុងកាលៈទេសៈនេះ សប្បុរសជនក្រុមហ៊ុន សហគ្រាស អាជីវករ ផ្សេងៗទៀតក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀតក្នុងសហគមន៍។
ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា អំណោយទាំងអស់នេះនឹងបានប្រគល់ជូនដល់ដៃប្រជាពលរដ្ឋដែលកំពុងប្រឈមខ្វះខាត នៅចំណុចតំបន់ក្រហម ដែលជាតំបន់បិទខ្ទប់នឹងតំបន់ប្រឈមនានាទៀត នឹងទទួលបានគ្រប់ៗគ្នា អាជ្ញាធរនឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់អាហារក្នុងអំឡុងពេលវិបត្តិកូវីដនោះឡើយ។
អំណោយប្រគល់នាពេលនេះ មានគ្រឿងឧបភោគបរិភោគ ៖ អង្ករចំនួន ៥តោន, ទឹកត្រីចំនួន ៥០ យួរ, មីចំនួន ១០០កេស, ត្រីខRozaចំនួន ៥០កេស និងទឹកដោះគោ Q-Life ១០០កេស សម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩៕





