លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានលោកខាងលិចកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សមាជិកណាតូនៅអឺរ៉ុបកំពុងប្រលែងលេងជាមួយភ្លើង ដោយសារតែការស្នើឱ្យអ៊ុយក្រែនប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ដែលលោកបាននិយាយថាអាចបង្កឱ្យមានជម្លោះជាសកល។

បន្ទាប់ពីសង្គ្រាមលើដីដ៏សាហាវបំផុតរបស់រុស្ស៊ីនៅអឺរ៉ុបជាង២ឆ្នាំ ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក លោក Putin បាននិយាយបង្កើនវោហារសាស្ត្រអំពីហានិភ័យនៃជម្លោះសកលលោកកាន់តែធំ នៅពេលលោកខាងលិចកំពុងដោះស្រាយអ្វីដែលរុស្ស៊ី កំពុងព្យាយាមវាយរុលទៅមុខនៅក្នុងប្រទេសអ៊ុយក្រែន។
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានប្រាប់សារព័ត៌មាន The Economist ថាសមាជិកសម្ព័ន្ធភាពនេះ គួរតែអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិច ដែលជាទស្សនៈគាំទ្រដោយសមាជិកណាតូមួយចំនួន ប៉ុន្តែមិនមានសហរដ្ឋអាមេរិកនោះទេ។

លោក Putin បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី តាស្កិន(Tashkent) ប្រទេសអ៊ូសបេគីស្ថាន ថា ការរុញឥតឈប់ឈរអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ។ប្រសិនបើផលវិបាកធ្ងន់ធ្ងរទាំងនេះកើតឡើងនៅអឺរ៉ុប តើសហរដ្ឋអាមេរិកនឹងធ្វើដូចម្តេច?។
លោក Putin បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើប្រទេសរុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ នឹងត្រូវការផ្កាយរណប ចារកម្ម និងជំនួយយោធាពីលោកខាងលិច ដូច្នេះលោកខាងលិចនឹងចូលរួមដោយផ្ទាល់។ លោកបាននិយាយថាការបញ្ជូនទាហានបារាំងទៅអ៊ុយក្រែននឹងជាជំហានមួយឆ្ពោះទៅរកជម្លោះពិភពលោក៕