ប្រទេសប៉ាពួ នូវ៉ែល ហ្គីណេ(Papua New Guinea) បានបញ្ជាឱ្យប្រជាជនរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីផ្លូវនៃបំណាក់ដីដែលនៅតែសកម្ម កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីផ្នែកខ្លះនៃភ្នំមួយ បានបានរបេះធ្លាក់កប់មនុស្សយ៉ាងហោចណាស់ ២.០០០នាក់ ក្នុងការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល។

ក្រុមមន្ត្រីបាននិយាយថា ក្ដីសង្ឃឹមថានឹងអាចស្វែងរកឃើញអ្នកនៅរស់រានមានជីវិត មានតិចតួចណាស់ ទោះបីក្រុមសង្គ្រោះ បានចូលទៅកាន់តំបន់ អ៊ីនហ្កា (Enga) ភាគខាងជើងដែលពិបាកចូលទៅដល់សម្រាប់ប្រទេសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនក៏ដោយ។ឧបករណ៍ធុនធ្ងន់ និងជំនួយ មានភាពយឺតយ៉ាវក្នុងការមកដល់ ដោយសារតែបំណាក់ដីធ្ងន់ធ្ងរ និងភាពចលាចលរបស់កុលសម្ព័ន្ធនៅតំបន់ដាច់ស្រយាល ដែលបង្ខំឱ្យយោធាត្រូវអមដំណើរក្បួនក្រុមសង្គ្រោះ។

ក្រុមអ្នកស្រុកបានប្រើប៉ែល និងដៃទទេ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត អ៊ីនហ្កា លោក សាន់ឌីស សាកា (Sandis Tsaka) បានប្រាប់សារព័ត៌មានReuters ថា តំបន់បំណាក់ដីគ្មានស្ថេរភាពទេ។ នៅពេលដែលយើងឡើងលើភ្នំនោះ យើងតែងតែឮសំឡេងផ្ទុះធំ ៗជាទីដែលភ្នំនោះនៅតែមានថ្ម និងកម្ទេចកម្ទីរបានធ្លាក់ចុះ។
លោកបាននិយាយថា បុគ្គលិកយោធាបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងកំពុងជួយដឹកជញ្ជូនអ្នកស្រុកទៅកាន់មជ្ឈមណ្ឌលជម្លៀសនានា។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថាសាកសពចំនួន៦ត្រូវបានគេរកឃើញរហូតមកដល់ពេលនេះ ហើយចំនួនប្រជាជនដែលរងផលប៉ះពាល់សរុបរួមទាំងអ្នកដែលត្រូវការការជម្លៀសនិងការផ្លាស់ទីលំនៅដែលអាចធ្វើទៅបានត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧.៨៤៩នាក់ ។ មន្ត្រីអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ បាននិយាយថា ស្ពានមួយបានបាក់នៅលើផ្លូវធំទៅកាន់ទីតាំងផ្ដល់ជំនួយ ដែលបង្ខំឱ្យក្បួនរថយន្តជំនួយធ្វើដំណើរវែងឆ្ងាយ៕