យោធាប្រទេសអ៊ីស្រាអែល បាននិយាយបដិសេធការវាយប្រហារលើជំរំតង់ នៅភាគខាងលិចទីក្រុង Rafah កាលពីថ្ងៃអង្គារ បន្ទាប់ពីអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់នៅទីនោះ នៅក្នុងតំបន់មួយដែលអ៊ីស្រាអែលបានកំណត់ថាជាតំបន់ជម្លៀសជនស៊ីវិលរួចហើយ។

ដោយបំពានទៅនឹងការអំពាវនាវពីតុលាការយុត្តិធម៌អន្តរជាតិ(ICJ) រថក្រោះអ៊ីស្រាអែល បានរុលចូលទៅដល់កណ្តាលទីក្រុង Rafah ជាលើកដំបូង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាកាលពីពេលយប់ ខណៈប្រទេសអេស្ប៉ាញ អៀរឡង់ និងប្រទេសន័រវេស បានទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីន ជាចំណាត់ការដែលធ្វើឲ្យអន្តរជាតិបន្ថែមភាពឯកោជាអន្តរជាតិលើអ៊ីស្រាអែល។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានអះអាងជាថ្មីពីការប្រឆាំងរបស់ខ្លួនចំពោះការវាយលុកតាមដីគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលនៅទីក្រុង Rafah ប៉ុន្តែបាននិយាយថា ខ្លួនមិនជឿថាប្រតិបត្តិការបែបនេះ នៅធ្វើបន្តនោះទេ។
រយៈពេលពីរថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំមួយផ្សេងទៀត បានធ្វើឱ្យមានការថ្កោលទោសជាសកល ដែលអង្គភាពសេវាសង្គ្រោះបន្ទាន់នៅតំបន់ហ្កាហ្សា និយាយថា គ្រាប់ផ្លោងពីរថក្រោះចំនួន៤គ្រាប់ កាលពីថ្ងៃអង្គារបានធ្លាក់ទៅលើជំរំតង់នៅក្រុង Al-Mawasi តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបានកំណត់ថាជាតំបន់មនុស្សធម៌ និងបានណែនាំដល់ជនស៊ីវិលនៅទីក្រុងRafah ឲ្យទៅរកកន្លែងសុវត្ថិភាព។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានរាយការណ៍កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានប្រាប់ជនស៊ីវិលប៉ាឡេស្ទីនប្រហែលមួយលាននាក់ ឲ្យភៀសខ្លួន ពីសង្រ្គាមរយៈពេលជិត៨ខែ ដើម្បីជម្លៀសទៅកាន់ក្រុង Al-Mawasi នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមវាយលុកនៅទីក្រុង Rafah កាលពីដើមខែឧសភា។ មនុស្សជាច្រើនបានភៀសខ្លួនចេញពីទីក្រុង Rafah ចាប់តាំងពីពេលនោះមក។