មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា មន្ទីរពេទ្យចុងក្រោយបង្អស់នៅទីក្រុង រ៉ាហ្វា (Rafah) អាចបញ្ឈប់ដំណើរការ ហើយចំនួនអ្នកស្លាប់ជាច្រើនអាចត្រូវបានរំពឹងទុក ប្រសិនបើអ៊ីស្រាអែល បើក «ការវាយលុកពេញលេញ» ចូលទៅក្នុងទីក្រុងចុងភាគខាងត្បូងរបស់ហ្កាហ្សា មួយនេះ។

លោក រីឆាត ភីបភើខន (Richard Peeperkorn) តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្កាហ្សា និង វេសបែង (West Bank) បាននិយាយនៅក្រៅសន្និបាតសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវថា «ប្រសិនបើការលុកលុយនៅតែបន្ត យើងនឹងបាត់បង់មន្ទីរពេទ្យចុងក្រោយនៅ រ៉ាហ្វា ខណៈរថក្រោះរបស់អ៊ីស្រាអែល ត្រូវបានរាយការណ៍ថាវាយរុលចូលនៅកណ្តាលទីក្រុងព្រំដែនមួយនេះ»។

លោកបានបន្តថា នៅក្នុងករណីនៃ «ការវាយលុកពេញលេញ» ផែនការបន្ទាន់ដែលពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យចល័តដែលពុំមានឧបករណ៍គ្រប់គ្រាន់ «នឹងបង្កឱ្យមានអត្រាមរណៈបន្ថែមទៀត និងជំងឺកាន់តែធ្ងន់ធ្ងរ»។

លោក ភីបភើខន បន្ថែមថា ក្នុងចំណោមមន្ទីរពេទ្យទាំងបីនៅ រ៉ាហ្វា មានតែមួយកន្លែងប៉ុណ្ណោះដែលដំណើរការ «ទាំងដុនដាបបំផុត»។ ក្រុង រ៉ាហ្វា គឺជាច្រកចូលដ៏សំខាន់មួយសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ មុនពេលអ៊ីស្រាអែល បង្កើនការវាយលុកយោធារបស់ខ្លួននៅព្រំដែនតំបន់ហ្កាហ្សា កាលពីដើមខែនេះ ហើយបានដណ្តើមការគ្រប់គ្រងច្រកឆ្លងកាត់នៅផ្នែកខាងប៉ាឡេស្ទីន៕