ប្រមុខមន្ត្រីសន្តិសុខរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា សមយុទ្ធយោធារបស់ប្រទេសចិន កាលពីសប្តាហ៍មុន គឺផ្ដោតលើការឃោសនា និងការបំភិតបំភ័យ ជាងការចាប់ផ្តើមសង្រ្គាម ប៉ុន្តែកងកម្លាំងចិន បានបង្ហាញថាពួកគេអាចមានប្រតិកម្មយ៉ាងរហ័សក្នុងករណីបន្ទាន់ណាមួយ។

ប្រទេសចិន បាននិយាយថា ខ្លួនបានអនុវត្តហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនជា «ការដាក់ទណ្ឌកម្ម» សម្រាប់សុន្ទរកថាឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលក្នុងនោះលោកបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ «មិនចុះញ៉មនឹងគ្នានោះទេ» ដែល ចិនចាត់ទុកថា នោះជាការប្រកាសថាភាគីទាំងពីរជាប្រទេសដាច់ដោយឡែកពីគ្នា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា អគ្គនាយកនៃការិយាល័យសន្តិសុខជាតិកោះតៃវ៉ាន់ លោក សៃ មីងយិន (Tsai Ming-yen) បាននិយាយថា គោលបំណងនៃសមយុទ្ធរបស់ប្រទេសចិន គឺមិនមែនដើម្បីឆ្ពោះទៅរកសង្រ្គាមនោះទេ ប៉ុន្តែដើម្បីបង្ហាញទស្សនិកជនខាងក្រៅ និងក្នុងស្រុកថា ទីក្រុងប៉េកាំង «មានការគ្រប់គ្រងទាំងស្រុងលើស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់»។

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ប្រទេសចិន បានបញ្ជូនកម្លាំងយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ស្ទើរតែរាល់ថ្ងៃ ខណៈដែលខ្លួនព្យាយាមដាក់សម្ពាធលើកោះនេះ ប៉ុន្តែប្រទេសចិន ក៏ហាក់ដូចជាកំពុងព្យាយាមរក្សាវិសាលភាពនៃសមយុទ្ធទាំងនេះផងដែរ នេះបើតាមការិយាល័យរបស់លោក សៃ បាននិយាយនៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សមាជិកសភា៕