ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៨ ឧសភា) ថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ខកខានមិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយទីក្រុងគីវ ក្នុងប្រទេសស្វីស នៅខែក្រោយនេះទេ នោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងអបអរសាទរចំពោះអវត្តមានរបស់លោក។

អ៊ុយក្រែន សង្ឃឹមថានឹងទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមតែអាចធ្វើទៅបានក្នុងការប៉ុនប៉ងបង្រួបបង្រួមមតិស្តីពីវិធីបញ្ឈប់សង្រ្គាម និងដាក់សម្ពាធលើរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់សញ្ញាគាំទ្រ ប៉ុន្តែមិនបាននិយាយថាតើលោក បៃដិន នឹងចូលរួម ឬយ៉ាងណានោះទេ។

លោក ហ្ស៊េឡិនស្គី កាលពីថ្ងៃអាទិត្យ បានជំរុញទាំងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន និងជាអ្នកទទួលផលឈានមុខគេនៃការបែកបាក់របស់លោកជាមួយលោកខាងលិច ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ រុស្ស៊ី ដែលបានចាប់ផ្តើមការវាយលុកពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ខ្លួនមើលមិនឃើញភាពចាំបាច់នៅក្នុងសន្និសីទនោះទេ។
មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែបានបដិសេធមិននិយាយថាជាអ្នកណា ឬឋានៈកម្រិតណានោះទេ។ ទីក្រុងគីវ នៅក្នុងផែនការសន្តិភាពរបស់ខ្លួន អំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុង និងការស្ដារឡើងវិញនូវព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ដោយនោះជាអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាមិនអាចទៅរួច៕
