យោធាអ៊ីស្រាអែលបានបដិសេធការវាយប្រហារលើជំរំតង់នៅភាគខាងលិចទីក្រុង រ៉ាហ្វា (Rafah) កាលពីថ្ងៃអង្គារ ២៨ ឧសភា បន្ទាប់ពីក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា ការបាញ់ផ្លោងចេញពីរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ ក្នុងនោះ១២នាក់ជាស្ត្រី នៅទីនោះ ជាអ្វីដែលអ៊ីស្រាអែលបានកំណត់ជាតំបន់ជម្លៀសជនស៊ីវិល។

ថ្មីៗនេះ ជាការផ្គើនទៅនឹងការប្តឹងឧទ្ធរណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រថក្រោះអ៊ីស្រាអែលបានរុលចូលទៅកណ្ដាលទីក្រុងរ៉ាហ្វា ជាលើកដំបូង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៅពេលយប់ ខណៈប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវ៉ែស បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ជាវិធានការដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងភាពឯកោជាអន្តរជាតិបន្ថែមទៀត ។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បានអះអាងម្ដងហើយម្ដងទៀត ប្រឆាំងការវាយលុកថ្មើរជើងដ៏ធំរបស់អ៊ីស្រាអែលនៅ ក្រុងរ៉ាហ្វា ប៉ុន្តែបាននិយាយថា ខ្លួនមិនជឿថាប្រតិបត្តិការបែបនេះកំពុងដំណើរការនោះទេ។ ជាមួយគ្នានោះ សេតវិមានអាមេរិក និយាយថា ប្រតិបតិបត្តិការរបស់អ៊ីស្រាអែល នៅក្រុងរ៉ាហ្វា ពុំបានឆ្លងហួសបន្ទាត់ក្រហមទេ។

ដោយពណ៌នាអំពីទស្សនៈរបស់សហរដ្ឋអាមេរិកអំពីអ្វីដែលនឹងក្លាយជាការវាយលុកដ៏ធំមួយនៅក្នុងទីក្រុង រ៉ាហ្វា អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា វានឹងពាក់ព័ន្ធចំនួនទាហានដ៏ច្រើន និងការបង្កើតនៅក្នុងប្រភេទនៃសមយុទ្ធដែលត្រូវបានសម្របសម្រួលមួយចំនួនប្រឆាំងនឹងគោលដៅជាច្រើននៅលើដី។
ពីរថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរំTel al-Sultan មួយផ្សេងទៀតដែលបានសម្លាប់មនុស្ស៤៥នាក់ បានរងការថ្កោលទោសជាសកល៕