អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតមកដល់ពេលនេះ គ.ជ.ប ទទួលបានបណ្តឹងចំនួន៧ ទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ បានកំពុងបន្តបិទផ្សាយការប្រកាសលទ្ធបណ្តោះអាសន្នបានចំនួនជិត២០រាជធានី ខេត្តនោះ មានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន៥ បានទទួលបណ្តឹងចំនួន៧ ដែលគណបក្សនយយោបាយស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញ។
ឯកឧត្តម បញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងរបស់គណបក្សនយោបាយលើបណ្តឹងទាំង៧កំពុងតែដោះស្រាយជាបន្តបន្ទាប់ ក្នុងករណីតំណាងគណបក្សនយោបាយមិនទទួលយកចំពោះការសម្រេចរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គ.ជ.ប ស្វាគមន៍ក្នុងការទទួលបណ្តឹង ដើម្បីដោះស្រាយជូនដល់គណបក្សនយោបាយបន្ថែមទៀត។
ជុំវិញបណ្តឹងខាងលើ អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា ការដាក់ពាក្យរបស់គណបក្សនយោបាយឆ្លុះបញ្ចាំងពីភាពចាស់ទុំរបស់់អ្នកនយោបាយ ដែលប្រើប្រាស់យន្តការបណ្តឹងជាជាងវាយប្រហារលើការបោះឆ្នោតទៅតាមសាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយនានា។
អ្នកនាំពាក្យ គ.ជ.ប បន្តថា យោងតាមប្រតិទិនរបស់គ.ជ.ប ក្នុងករណីមិនមានពាក្យបណ្តឹងប្តឹងទៅកាន់គ.ជ.បនោះទេ នាថ្ងៃទី៨ ខែមោមិថុនា ឆ្នាំ២០២៤ នឹងរៀបចំការប្រកាសលទ្ធផលផ្លូវការ រួមទាំងអាសនៈ និងសមាសភាពដែលជាប់ជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន៥គណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១១,៥៩៨ ស្មើ៩៩,៧៩ភាគរយ៕ អត្ថបទ សេក ឧត្តម