អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក ថ្កោលទោសការបោះឆ្នោតរបស់សភាប្រទេសហ្ស៊កហ្ស៊ី ដែលមិនអើពើទៅនឹងការប្រើសិទ្ធិវេតូរបស់ប្រធានាធិបតី នូវសេចក្តីស្នើច្បាប់ ដែលតម្រូវឱ្យក្រុមទទួលមូលនិធិពីបរទេស ត្រូវចុះឈ្មោះជាភ្នាក់ងារបរទេស។

សភារបស់ប្រទេសហ្ស៊កហ្ស៊ី បានបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីបដិសេធការប្រើសិទ្ធិវេតូរបស់ប្រធានាធិបតីនៃសេចក្តីស្នើច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលបានធ្វើឱ្យប្រទេសនៅតំបន់ Caucasus ខាងត្បូង មួយនេះ ធ្លាក់ចូលក្នុងវិបត្តិ ដោយមិនអើពើចំពោះការរិះគន់ពីប្រទេសលោកខាងលិច ដែលនិយាយថាច្បាប់នេះ គឺផ្តាច់ការ និងបំផុសគំនិតដោយប្រទេសរុស្ស៊ី។

ការបោះឆ្នោតមិនអើពើទៅនឹងការជំទាស់ របស់ប្រធានាធិបតីហ្ស៊កហ្ស៊ី លោកស្រី សាឡុម ហ្សួរ៉ាប៊ិចវីលី(Salome Zourabichvili) ដែលអំណាចភាគច្រើនជាពិធីការ កំណត់ដំណាក់កាលសម្រាប់ប្រធានសភា ដើម្បីចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ឲ្យចូលទៅជាច្បាប់។
សេចក្តីស្នើច្បាប់នេះ នឹងតម្រូវឱ្យអង្គភាពនានាដែលទទួលបានមូលនិធិច្រើនជាង២០ភាគរយ ពីបរទេស ត្រូវចុះឈ្មោះជា «ភ្នាក់ងារនៃឥទ្ធិពលបរទេស» ខណៈក៏បានណែនាំ ការផាកពិន័យសម្រាប់ការបំពាន ព្រមទាំងតម្រូវការឲ្យមានការបង្ហាញព័ត៌មាន ដ៏ស្មុគស្មាញផងដែរ។