ចលនាសង្គម និងសកម្មជន បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅមុខឃ្លាំងស្តុកមួយកន្លែង ដែលរដ្ឋាភិបាលអាហ្សង់ទីន ស្តុកទុកជំនួយស្បៀងអាហារចំនួន៥ តោន ខណៈក្រុមអ្នកតវ៉ា ទាមទារសម្រាប់ផ្ទះបាយចម្អិនអាហារ ក្នុងពេលកម្រិតនៃភាពក្រីក្រ បានកើនឡើងដល់ជាង៥០ភាគរយ។

រដ្ឋាភិបាលអាហ្សង់ទីន បានបញ្ឈប់ការផ្តល់ស្បៀងអាហារដល់ផ្ទះបាយចម្អិនអាហារ កាលពីខែធ្នូ នៅពេលដែលប្រធានាធិបតី លោក Javier Milei ចូលកាន់តំណែង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ចាប់តាំងពីពេលនោះមក ស្បៀងអាហារជាង៥តោន ត្រូវបានរក្សាស្តុកទុកនៅក្នុងឃ្លាំងរដ្ឋាភិបាលចំនួនពីរកន្លែងដោយបានធ្វើឲ្យប្រជាជនក្រីក្រមានកំហឹង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមអ្នកតវ៉ា រួមមានទាំងមេធាវី ដែលបានប្តឹងរដ្ឋាភិបាលទៅតុលាការ ដើម្បីទាមទារឱ្យមានការចែកចាយស្បៀងអាហារភ្លាមៗ លោក ជូអាន ហ្កាបយស៍ (Juan Garbois) បានប្រមូលផ្តុំអ្នកតវ៉ានៅមុខឃ្លាំង Martelli ជាកន្លែងរក្សាទុកស្បៀងអាហារជាង ២,៧ តោន។
តុលាការ ដែលត្រួតពិនិត្យករណីនេះ បានទទួលយកការអំពាវនាវរបស់រដ្ឋាភិបាលប្រឆាំងបណ្តឹងរបស់ លោក Garbois ហើយបានអនុញ្ញាតឱ្យវារក្សាទុកទំនិញ ដែលត្រូវបានបម្រុងទុកសម្រាប់គ្រាអាសន្ន និងគ្រោះមហន្តរាយ ដែលរដ្ឋាភិបាលត្រូវប្រឈមមុខដោះស្រាយ។

ប្រទេសអាហ្សង់ទីន កំពុងទទួលរងនូវអតិផរណា ដែលឈានដល់៣០០ភាគរយ ប៉ុន្តែបានកើនឡើងបន្ទាប់ពីលោក Milei បានទម្លាក់តម្លៃរូបិយប័ណ្ណប៉េសូយ៉ាងខ្លាំងកាលពីខែធ្នូ។ កម្រិតនៃភាពក្រីក្រកំពុងកើនឡើង ហើយសេដ្ឋកិច្ចកំពុងជាប់គាំង ប្រឈមមុខនឹងវិធានការរឹតត្បិតថវិកាតឹងរ៉ឹងរបស់រដ្ឋាភិបាល។