កងកម្លាំងអ៊ីស្រាអែល បានបំពានទៅនឹងសេចក្តីបង្គាប់ដែលត្រូវបានចេញកាលពីថ្ងៃសុក្រ ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលអាជ្ញាធរសុខាភិបាលតំបន់និយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់។ ការវាយប្រហារនេះ បានធ្វើឲ្យមានការរិះគន់នៅជុំវិញពិភពលោក។

បាតុករនៅប្រទេសអេស្បាញ បាននិយាយថាពួកគេមិនចង់ធ្វើជាអ្នកសមគំនិត ចំពោះអ្វីដែលពួកគេហៅថាជាអំពើប្រល័យពូជសាសន៍ នោះទេ។ មេដឹកនាំនយោបាយរបស់ពួកគេ បានចូលរួមជាមួយប្រទេសអៀរឡង់ និងន័រវែស កាលពីសប្តាហ៍មុន ដើម្បីបន្ថែមប្រទេសរបស់ពួកគេ ចូលជាមួយប្រទេស ១៤០ផ្សេងទៀត ដែលបានទទួលស្គាល់ភាពជារដ្ឋរបស់ដែនដីប៉ាឡេស្ទីន។ បាតុករក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានបញ្ចេញសំឡេងលឺៗ ខណៈពួកគេចេញធ្វើបាតុកម្មទៅកាន់ស្ថានកុងស៊ុល អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សមាជិកសភាថា លោក និងក្រុមរបស់លោក កំពុងស៊ើបអង្កេតលើការវាយប្រហារនេះ។ លោកនិយាយថា កងកម្លាំងរបស់លោកបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ប៉ុន្តែមានកំហុស «សោកនាដកម្ម» ។
លោក Netanyahu និយាយបន្ថែមថា សម្រាប់ពួកយើង ការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល គឺជាសោកនាដកម្មមួយ ប៉ុន្តែសម្រាប់ក្រុមហាម៉ាស វាគឺជាយុទ្ធសាស្ត្ររបស់យើង។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារនេះបានបង្កឲ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅ។ ទោះយ៉ាងណា លោកបាននិយាយថា គ្រាប់រំសេវដែលបានប្រើប្រាស់ មិនអាចឆាបឆេះបង្កអគ្គិភ័យដល់កម្រិតធំបែបនោះទេ។ លោក និយាយថា ប្រហែលជាមានអាវុធស្តុកទុក នៅក្បែរនោះ។
ទាហានអ៊ីស្រាអែល មិនព្រមបោះបង់ចោលការវាយលុករបស់ខ្លួននៅទីក្រុងក្រុងរ៉ាហ្វានោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សាក្សីបាននិយាយថា រថក្រោះជាច្រើនគ្រឿង បានរុលចូលទៅដល់កណ្តាលទីក្រុង ជាលើកដំបូង។