ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលផងដែរ។
ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព” នៅព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គពិធីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងកម្មករនិយោជិត និយោជក អ្នកប្រកបរបរដឹកជញ្ជូន និងអង្គការដៃគូ ដើម្បីធានាការផ្លាស់ប្តូរមួយដែលគ្រប់ភាគីទទួលយកបាន និងពេញចិត្ត ព្រោះថា មានតែធាតុចូល ដែលឈរលើស្មារតីជាក់ស្តែងនិយម ដែលមិនប៉ះពាល់ដល់ភាគីណាមួយប៉ុណ្ណោះទេ ទើបធ្វើឱ្យការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលប្រកបដោយបទដ្ឋានបច្ចេកទេស និងផាសុកភាពនេះទទួលបានជោគជ័យ។
សូមរំលឹកថា ការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរសមរម្យនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ ១០ចំណុច ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដើម្បីសម្រេចអនុសាសន៍នេះ ក្រសួងការងារ តាមរយៈបេឡាជាតិសន្តិសុខសង្គម បានរៀបចំការពិភាក្សាជាមួយភាគីពាក់ព័ន្ធចំនួន៦លើក រួចមកហើយ។
ជាមួយនឹងសិក្ខាសាលា ដែលមានទាំងកម្មករនិយោជិត និងសហជីពចូលរួម ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ពិតជាបានគិតគូររគ្រប់ជ្រុងជ្រោយ ចំពោះកម្មករនិយោជិត មិនត្រឹមតែពេលកំពុងធ្វើការ ឬពេលមានបញ្ហាសុខភាពនោះទេ សូម្បីតែពេលធ្វើដំណើរ ក៏ជាក្តីកង្វល់ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់ខ្លាំងផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី






