គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) របស់ប្រទេសអាហ្រ្វិកខាងត្បូង បានសម្តែងការពេញចិត្តចំពោះដំណើរការនៃការបោះឆ្នោតពិសេស នៅថ្ងៃទីពីររបស់ខ្លួន ដោយមានអ្នកបោះឆ្នោតចំនួន ៩៣៧.១៤៤នាក់ មកបោះឆ្នោតគិតត្រឹមរសៀលថ្ងៃអង្គារ។

និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃអង្គារ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Sy Mamabolo និយាយថា ចំនួនអ្នកបោះឆ្នោតពិសេស គឺខ្ពស់ជាងមុន បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុន។ ស្ថានីយ៍បោះឆ្នោតចំនួន១០៧កន្លែង នៅក្រុង អឹមថាថា(Mthatha) នៃខេត្ត Eastern Cape ដែលមិនបានបើកកាលពីថ្ងៃច័ន្ទ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃអង្គារ។

លោក Mamabolo និយាយថា ប្រព័ន្ធទាំងអស់បានត្រៀមរួចជាស្រេចសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែឧសភានេះ ដែលអ្នកបោះឆ្នោតជាង ២៦ លាននាក់ ត្រូវបានកំណត់ដើម្បីបោះឆ្នោតរបស់ពួកគេ។ លោកនិយាយថា មេរៀន និងបទពិសោធន៍ ក្នុងរយៈពេលពីរថ្ងៃ នៃការបោះឆ្នោតពិសេស គឺមានតម្លៃ ហើយនឹងត្រូវប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរប្រតិបត្តិការបន្ថែមទៀត ដើម្បីធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមាន ដល់បទពិសោធន៍អ្នកបោះឆ្នោតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ។
ការបោះឆ្នោតពិសេស ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់អ្នកបោះឆ្នោត ដែលមិនអាចទៅការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោតពិតប្រាកដ រួមទាំងអ្នក ធ្វើការ អ្នកជំងឺ ចាស់ជរា ពិការ ឬមានផ្ទៃពោះ។ មនុស្សជាង ១,៦ លាននាក់ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតពិសេស ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា អ្នកបោះឆ្នោតចំនួន ៦២៤.៥៩៣នាក់ ត្រូវបានកំណត់ពេលទៅបោះឆ្នោតនៅតាមលំនៅឋាន ដោយមានជំនួយពីមន្ត្រីចំនួន ៦២.០០០ នាក់ ក្នុងអំឡុងពេលនោះ។
អ្នកសង្កេតការណ៍ការបោះឆ្នោត និងជាអតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Goodluck Jonathan បានសរសើរគណៈកម្មការរៀបចំការបោះឆ្នោត ដែលបានណែនាំការបោះឆ្នោតពិសេសនេះ។
លោក Jonathan និយាយថា ការបោះឆ្នោតពិសេស ផ្តល់កន្លែងសម្រាប់មនុស្សគ្រប់គ្នា រួមទាំងអ្នកជំងឺផងដែរ នៅពេលមន្ត្រីទៅដល់លំនៅឋានរបស់ពួកគេ។