កូរ៉េខាងត្បូង បានព្រមានប្រជាជនដែលរស់នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើង ឱ្យបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បាឡុងជាង៩០ ដែលផ្ទុកវត្ថុផ្សេងៗ រួមទាំងអ្វីដែលមើលទៅដូចជាសំរាម និងសំណល់ត្រូវបានរកឃើញ។

យោធាកូរ៉េខាងត្បូងបាននិយាយថា វត្ថុមិនស្គាល់អត្តសញ្ញាណដែលគេជឿថាមកពីប្រទេសកូរ៉េខាងជើងត្រូវបានគេប្រទះឃើញនៅជិតព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ហើយបានជំរុញឱ្យប្រជាជននៅឲ្យឆ្ងាយ ហើយរាយការណ៍ទៅយោធា ឬនគរបាល។

តាមសារព័ត៌មាន Yonhap News បានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា គិតត្រឹមថ្ងៃពុធនេះ បាឡុងជាង ៩០ ត្រូវបានគេប្រទះឃើញ ដោយខ្លះបានធ្លាក់នៅលើដី រីឯខ្លះទៀតនៅលើអាកាសនៅឡើយ។
រូបភាពដែលត្រូវបានបញ្ចេញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានបង្ហាញឱ្យឃើញ បាឡុងពណ៌សមួយ ផ្ទុកពេញដោយថង់ផ្លាស្ទិក ហើយនៅក្នុងរូបភាពមួយទៀត មើលទៅទំនងជាបាឡុង ដែលបានធ្លាក់បែកធ្លាយ និងសំរាមពាសវាលពាសកាលជុំវិញបាឡុងនោះ។

អនុរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយចុងសប្ដាហ៍មុន ដោយប្តេជ្ញាថានឹងអនុវត្តអំណាចដ៏រឹងមាំសម្រាប់ការការពារខ្លួន និងបានព្រមានថាគំនរសំរាមនិងកាកសំណល់ក្រដាស នឹងត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង ជាការឆ្លើយតបទៅនឹង វត្ថុកខ្វក់ ដែលកំពុងហោះហើរមកកាន់ប្រទេសខាងជើង។
អស់ជាច្រើនឆ្នាំមកនេះ សកម្មជនកូរ៉េខាងត្បូង បានបញ្ជូនបាឡុងទៅកាន់ប្រទេសកូរ៉េខាងជើង ដោយភ្ជាប់ជាមួយនូវខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង និងឧបករណ៍ផ្ទុកអង់ចងចាំUSB នៃវីដេអូចម្រៀងរបស់តារា K-popកូរ៉េខាងត្បូង៕