យោងតាមក្រុមអ្នកឧតុនិយម និងទិន្នន័យពីគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.us បានឱ្យដឹងថា លំនៅឋាន និងអាជីវកម្មជាង ៧១៣.០០០ កន្លែងនៅរដ្ឋតិចសាស់ (Texas) រដ្ឋ ឃិនថាក់គី (Kentucky) និងបណ្ដារដ្ឋផ្សេងទៀត ពុំមានថាមពលអគ្គិសនីប្រើប្រាស់ទេកាលពីថ្ងៃអង្គារ (២៨ ឧសភា) ដោយសារព្យុះបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃបុណ្យទិវារំលឹកគុណកងទ័ព (Memorial Day) កាលពីចុងសប្តាហ៍មក។

ព្យុះផ្គររន្ទះលាយឡំនឹងខ្យល់កួច ដែលបានបោកបក់លើតំបន់ទំនាបភាគខាងត្បូង និងភ្នំ អូហ្ស៊ាក (Ozark) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ ធ្វើឱ្យមនុស្សរាប់រយនាក់របួស និងបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើននៅទូទាំងរដ្ឋចំនួន ៧ របស់សហរដ្ឋអាមេរិក ក្នុងទិវារំលឹកខួបនៅចុងសប្តាហ៍នេះ។

នៅទីក្រុង ដាឡាស (Dallas) ព្យុះបានបោកបក់បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់ពាណិជ្ជកម្មរបស់ទីក្រុង។ នៅផ្នែកផ្សេងទៀតនៃទីក្រុងនេះ ដើមឈើត្រូវបានដួលរលំដោយសារខ្យល់ខ្លាំង សួនឧទ្យាននៅតំបន់ទំនាបពោរពេញដោយទឹកហូរខ្លាំង ហើយផ្លាកពាណិជ្ជកម្មជាច្រើនបានដួលរលំ ខណៈព្យុះថ្មីបន្ថែមទៀតកំពុងបោកបក់កាត់ភាគខាងជើងនៃរដ្ឋតិចសាស់ កាលពីល្ងាចថ្ងៃអង្គារ៕
