ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelensky)កាលពីថ្ងៃចន្ទ បានអំពាវនាវដល់លោកខាងលិចឲ្យ «ប្រើគ្រប់មធ្យោបាយ» ដើម្បីបង្ខំរុស្ស៊ីឲ្យធ្វើកិច្ចចរចាសន្តិភាព អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ាឌ្រីដ ដែលបានសន្យាផ្តល់ជំនួយយោធាចំនួនមួយពាន់លានអឺរ៉ូ ខណៈដែលការវាយលុករបស់រុស្ស៊ីដណ្តើមបានមូលដ្ឋានថ្មី។

ចំណែករុស្ស៊ី បាននិយាយថា ខ្លួនបានដណ្តើមយកភូមិចំនួនពីរបន្ថែមទៀត ដែលជាផ្នែកមួយនៃការវាយលុករបស់ខ្លួន នៅអ៊ុយក្រែនភាគខាងកើត ហើយប្រមុខអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បានជំរុញឲ្យសម្ព័ន្ធមិត្តគិតឡើងវិញនូវការរឹតបន្តឹងរបស់ពួកគេលើការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដែលជាតម្រូវការសំខាន់របស់ប្រធានាធិបតីអ៊ុយ ក្រែន។

លោក ហ្ស៊េឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ថា៖«យើងត្រូវពង្រឹងការងាររួមរបស់យើងជាមួយដៃគូរបស់យើង ដើម្បីសម្រេចឲ្យបានកាន់តែច្រើន។
នៅក្នុងការប្រឈមនឹងស្ថានភាពបច្ចុប្បន្ន ប្រទេសអ៊ុយក្រែន បាននឹងកំពុងដាក់សម្ពាធលើអ្នកគាំទ្ររបស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឲ្យខ្លួនប្រើប្រាស់អាវុធចម្ងាយឆ្ងាយ ដែលពួកគេផ្គត់ផ្គង់ ដើម្បីវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀត មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យទីក្រុងគីវ ធ្វើការវាយប្រហារឆ្លងព្រំដែន ដោយសារតែការភ័យខ្លាចថា វាអាចទាញពួកគេឲ្យខិតទៅជិតជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរនោះ។