សភារបស់ប្រទេសដាណឺម៉ាក បានច្រានចោលសំណើសុំទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ កាលពីថ្ងៃអង្គារ ដោយគាំទ្រទស្សនៈរបស់រដ្ឋាភិបាលថា លក្ខខណ្ឌចាំបាច់ មិនទាន់ត្រូវបានបង្កើតឡើងទេ បើទោះបីជាមានការសម្រេចចិត្តដោយប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវែស ដើម្បីគាំទ្រឯករាជ្យក៏ដោយ។

អ៊ីស្រាអែល ដែលបានរកឃើញខ្លួនឯងកាន់តែឯកោ បន្ទាប់ពីជម្លោះជាង ៧ខែ ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានប្រតិកម្មដោយកំហឹងចំពោះការសម្រេចរបស់អឺរ៉ុប។
ច្បាប់របស់ដាណឺម៉ាក ត្រូវបានស្នើឡើងដោយគណបក្សឆ្វេងនិយមចំនួន៤។
លោកស្រី Sascha Faxe ជាសមាជិកសភានៃគណបក្ស The Alternative បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា។
លោកស្រី បានថ្លែងនៅក្នុងសភាថា៖«អ្នកនយោបាយដាណឺម៉ាកភាគច្រើនយល់ស្របថា នឹងមិនមានសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ាដោយគ្មានដំណោះស្រាយរដ្ឋពីរ» ដោយបន្ថែមថា លោកស្រី មើលឃើញការទទួលស្គាល់ជាមធ្យោបាយផ្តល់សិទ្ធិដល់ប្រជាជនប៉ាឡេស្ទីនធម្មតា។

រដ្ឋមន្ត្រីការបរទេសលោក Lars Lokke Rasmussen ធ្លាប់បាននិយាយថា រដ្ឋាភិបាលដាណឺម៉ាក មិនអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានទេ ដោយសារប៉ាឡេស្ទីន ពុំមានសិទ្ធិអំណាចចាត់ចែង ឬគ្រប់គ្រងលើទឹកដីរបស់ខ្លួនទេ។