ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំប្រជុំ និងបានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កើនការលើកទូរសព្ទឲ្យបានទាន់វេលា ក៏ដូចជាការចែករំលែកបទពិសោធន៍ការងារ លើជំនាញអន្តោប្រវេសន៍ ជាពិសេសការងារ Hotline នេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
ថ្លែងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការ ងារ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលើកពីការសំណូមពរនានា លើការប្រើប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានកោតសរសើរ និងអរគុណដល់ក្រុមការងារដែលបានចូលរួមសហការក្នុងការអនុវត្តការងារ ក្នុងការឆ្លើយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក ៕











