ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយមកពីប្រទេសថៃ បានបង្ហាញបំណងចង់បណ្តាក់ទុនវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំស្មៅ និងគម្រោងសាងសង់រោងចក្រផលិតថាមពលជីវឧស្ម័នពីកាកសំណល់ស្មៅ នៅប្រទេសកម្ពុជានាថ្ងៃអនាគតខាងមុខ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា នាឱកាសអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុន Enserv Holding Company Limited ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងបើកទូលាយការវិនិយោគលើវិស័យកសិកម្ម តែចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ទាំងលក្ខណៈបច្ចេកទេស ច្បាប់ និងទីផ្សារឱ្យបានល្អ ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
ជាយន្តការ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមហ៊ុន ត្រូវពិនិត្យឱ្យបានល្អិតល្អន់ពីស្ថានភាព និងសិក្សាជាមួយកសិករ ធ្វើយ៉ាងណាឱ្យកសិករមានចំណាប់អារម្មណ៍ចូលរួមក្នុងការដាំស្មៅនេះ ហើយជាពិសេសត្រូវមានកិច្ចសន្យាទិញពីពួកគាត់វិញ ដើម្បីបង្កើនទំនុកចិត្ត និងទទួលបានផលចំណេញទាំងអស់គ្នា។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ការវិនិយោគនេះ គួរពិនិត្យលទ្ធភាពទាំងនៅកម្រិត Upstream និង Downstream ហើយត្រូវធ្វើឱ្យចេញជារូបរាង ឱ្យមានប្រសិទ្ធភាព ជួយដល់កសិករពិតប្រាកដ៕






