មនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ថ្នាក់រាជធានី និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរបំផុត។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃការប្រារព្ធខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និង ទិវាកុមារកម្ពុជាឆ្នាំ២០២៤ ដ៏មានសារសំខាន់នេះ គឺជាការបង្ហាញឲ្យឃើញពីឆន្ទះដ៏មោះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់សិទ្ធកុមារ និងការយកចិត្តទុកដាក់លើកស្ទួយសុខមាលភាពកុមារ ការអប់រំឌីជីថល អនក្ខរកម្មឌីជីថល និងការផ្តល់ភាពជាពលរដ្ឋឌីជីថលដល់កុមារ។
នាឱកាសនោះលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរំលឹកពីប្រវត្តិនៃទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាខ្លះៗដូចខាងក្រោមៈ មនុស្សជាតិលើសកលលោក គ្រប់ពណ៌សម្បុរទាំងអស់តែងតែនឹកឃើញ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រមនុស្សជាតិចំពោះ អំពើឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង របស់ហ្វាស៊ីអឺក្លែរ មកលើប្រជាជាតិ និងកុមារនៅភូមិលីឌីសែ ប្រទេសឆេកូស្លូវ៉ាគី និងភូមិអូរាទូ ប្រទេសបារាំង ជាពិសេសការសម្លាប់យ៉ាងរង្គាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមរបបគ្រប់គ្រងយ៉ាងព្រៃផ្សៃ នៃរបបប៉ុល ពត ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងជំរុញការចូលរួមក្នុងកិច្ចគាំពារ កុមារគ្រប់រូប ជាពិសេសបង្ការ និងទប់ស្កាត់ការរំលោភបំពានកេងប្រវ័ញ្ច ឬអំពើហឹង្សា ពលកម្មកុមារ និងការអនុវត្តនូវគោលការណ៍ ទាំង១០ នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។
ជាមួយនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានធ្វើការណែនាំស្តីពី ការប្រារព្ធខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដល់គ្រប់អង្គភាពពាក់ព័ន្ធ និងគ្រឹះស្ថានក្រោមឱវាទ ដើម្បីរៀបចំប្រារព្ធពិធីនេះឱ្យបានគ្រប់អង្គភាពផងដែរ។
លោក បានបន្តថា ក្នុងនោះការបង្កើតក្រុមប្រឹក្សាកុមារ យុវជន និងចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន គឺជាយន្តការដ៏មានប្រសិទ្ធភាព និងបានគាំទ្រយ៉ាងពេញទំហឹងដល់ប្រព័ន្ធអប់រំនៅកម្ពុជា ដែលបានចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ជំនាញឯកទេស ជំនាញទន់ បំណិនជីវិត និងជំនាញផ្សេងៗទៀតដល់កុមារ និងយុវជន ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋសកល និងមានទំនួលខុសត្រូវក្នុងសហគមន៍ និងសង្គមជាតិ។ ការបង្កើតកម្មវិធីថ្មីៗសម្រាប់ពង្រឹងក្រុមប្រឹក្សាកុមារ និងយុវជនកម្ពុជា ដូចជាក្លឹបសកម្មភាពសិក្សាជំនាញខ្លីៗផ្សេងៗតាមគ្រឹះស្ថានសិក្សា គឺជាអាទិភាព និងជាការងារបន្ទាន់សម្រាប់អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធដែលត្រូវយកចិត្តទុកដាក់។ ជាមួយនោះការងារកុមារ និងយុវជន ជាអាទិភាពចាំបាច់ដែលមិនអាចខ្វះបាន ព្រោះវាមិនមែនរឿងដាច់ដោយឡែកពីការសិក្សានោះទេការអនុវត្តចលនាប្រឡងប្រណាំង៣ល្អ គឺជាសកម្មភាពក្រៅម៉ោងសិក្សា។ ការប្រារព្ធខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និង ទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរបំផុត ដែលព្រះរាជាណាចក្រកម្ពុជាបោះជំហានទៅមុខក្រោម ម្លប់សន្តិភាព ការវិវត្តជឿនលឿននៃយុគសម័យបរិវត្តកម្មឌីជីថល និងកំណែទម្រង់ដ៏មានប្រសិទ្ធភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាតាមមាគ៌ានៃយុទ្ធសាស្ត្របញ្ចកោណដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។ ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះខ្ញុំ សូមផ្តាំផ្ញើដល់កូនៗ ក្មួយៗកុមារាកុមារីទាំងអស់ ខិតខំរៀនសូត្រ ចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ធ្វើជាកូនល្អក្នុងគ្រួសារ ជាសិស្សល្អរបស់លោកគ្រូ អ្នកគ្រូ និងជាមិត្តរបស់មិត្តភក្តិក្នុងសង្គម៕អត្ថបទ រដ្ឋា









