កំពង់ឆ្នាំង៖ ដើម្បីរក្សាអោយបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌ មកពីស្នងការដ្ឋាននគរបាលខេត្ត អធិការក្រុងស្រុកទាំង០៨ និងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រុងស្រុកទាំង០៨ ដើម្បីពិភាក្សាលើការងារអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្ដិធម៌ ជាពិសេសការដាក់ចេញនូវយន្តការក្នុងការបង្ការ និងបង្ក្រាបលើករណីក្មេងទំនើង ដែលតែងតែបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ និងសង្គម ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ដើម្បីអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាល់មន្ត្រីនគរបាលយុត្ដិធម៌ទាំងអស់ ត្រូវប្រើវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងអោយខាងតែបាននៅតាមមូលដ្ឋានរបស់ខ្លួន ដោយត្រូវរៀបចំបញ្ជីឈ្មោះ គ្រប់គ្រងមុខសញ្ញា ឱ្យបានច្បាស់លាស់ នូវមុខសញ្ញាក្រុមក្មេងទំនើង ក្រុមជួញដូរគ្រឿងញៀន ក្រុមចោរកម្ម និងជនទើបចេញពីពន្ធនាគារជាដើម ។ ត្រូវរៀបចំចំណាត់ថ្នាក់មុខសញ្ញា អ្នកបញ្ជា អ្នកដៃដល់ អ្នកហែរហម ។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការអប់រំទៅលើមុខសញ្ញាក្រុមក្មេងទំនើង ដោយអញ្ជើញអាណាព្យាបាល លោកគ្រូអ្នកគ្រូ មកជួយអប់រំក្រុមក្មេងទាំងនោះនៅប៉ុស្តិ៍នគរបាល ។ តាមដានសកម្មភាពក្មេងទំនើង និងបំបែកក្រុមក្មេងទំនើងដែលផ្តុំជួបជុំគ្នា ។ រៀបចំកម្លាំងអន្តរាគមន៏ដើម្បីចេញល្បាតនៅតាមតំបន់ដែលមានលក្ខណៈស្មុគស្មាញ និងងាយកើតមានបទល្មើស ដើម្បីធានាឱ្យបាននូវប្រតិបត្តិការបង្ក្រាបឱ្យបានទាន់ពេលវេលា។ ចំពោះបញ្ហារបបរាយការណ៍វិញ ឯកឧត្តមបានធ្វើការរំលឹកជាថ្មីម្ដងទៀតដល់មន្ត្រីនគរបាលយុត្ដិធម៌ ត្រូវអនុវត្តការរាយការណ៍ស្របតាមបញ្ញត្តិនៃមាត្រា៨៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
មន្ត្រីនគរបាលយុត្តិធម៌ គឺសំដៅទៅលើអ្នករក្សានគរ ដែលមានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការការពារ ថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ដូចនេះ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត ត្រូវយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវអនុវត្តការងារទាំងអស់នោះអោយត្រូវទៅតាមច្បាប់ និងទទួលបានជោគជ័យផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា













