
នាយករដ្ឋមន្ត្រីប្រទេសប៉ាពួនូវ៉ែលហ្គីណេ លោក ជេមស៍ ម៉ារ៉េប (James Marape) នៅថ្ងៃពុធ (២៩ ឧសភា) នេះ បានស្តីបន្ទោស «ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា» និងការផ្លាស់ប្តូរគំរូអាកាសធាតុថាជាមូលហេតុបង្កឱ្យមានគ្រោះមហន្តរាយជាច្រើននៅក្នុងប្រទេសកោះប៉ាស៊ីហ្វិកមួយនេះនៅក្នុងឆ្នាំនេះ រួមទាំងបំណាក់ដីដ៏ធំកាលពីសប្តាហ៍មុន ដែលប្រហែលជាបានសម្លាប់មនុស្សរាប់ពាន់នាក់។
ផ្នែកខ្លះនៃភ្នំនៅតំបន់ ម៉ាអ៊ីប-មូលីតាកា (Maip-Mulitaka) ក្នុងខេត្ត អែនហ្កា (Enga) ភាគខាងជើងនៃប៉ាពួនូវ៉ែលហ្គីណេ បានរលំចុះក្រោមកាលពីព្រឹកព្រលឹមនៃថ្ងៃសុក្រ សប្តាហ៍មុន ហើយលោក ម៉ារ៉េប បាននិយាយថាមនុស្សជាង ២.០០០ នាក់ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ ខណៈមនុស្សរហូតដល់ ៧០.០០០ នាក់ រស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
លោក ម៉ារ៉េប បន្តថា គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យប្រទេសនេះខាតបង់ច្រើនជាង ៥០០ លានគីណា (១២៦ លានដុល្លារ) ក្នុងឆ្នាំនេះ នៅមុនពេលមានបំណាក់ដីនៅខេត្ត អែនហ្កា ដោយបន្ថែមថា «ឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បានបង្កឱ្យមានទឹកជំនន់នៅតំបន់ទន្លេ ការកើនឡើងនៃកម្រិតទឹកសមុទ្រនៅតំបន់ឆ្នេរ និងបំណាក់ដីក្នុងតំបន់មួយចំនួន»។
ប៉ាពួនូវ៉ែលហ្គីណេ នៅថ្ងៃពុធនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលអាជ្ញាធរបានលើកឡើងពីការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺ ស្របពេលមានការព្រមានអំពីបំណាក់ដីបន្ថែមទៀត ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ៕