
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃពុធ (២៩ ឧសភា) នេះថា ច្បាប់ថ្មីដែលបង្កតឡើងដោយឆ្មាំល្បាតឆ្នេរចិន ដែលអាចឱ្យមានការចាប់ឃុំខ្លួនជនបរទេសនៅក្នុងសមុទ្រចិនខាងត្បូង គឺជា «ការបង្កើនភាពតានតឹង» និងជារឿង «គួរឱ្យព្រួយបារម្ភខ្លាំងណាស់»។
ប្រទេសចិន ដែលមានជម្លោះអធិបតេយ្យភាពដែនសមុទ្រជាមួយហ្វីលីពីន និងប្រទេសផ្សេងទៀតនៅសមុទ្រចិនខាងត្បូង បានចេញច្បាប់ថ្មីដែលនឹងអនុវត្តច្បាប់ឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យឆ្មាំល្បាតឆ្នេររបស់ខ្លួនអាចបាញ់ទៅលើនាវាបរទេសបាន។
ហ្វីលីពីន និងចិន មានការប៉ះទង្គិចដែនសមុទ្រជាច្រើនដងនៅសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរាប់បញ្ចូលទាំងការប្រើប្រាស់កាណុងបាញ់ទឹកដោយនាវាឆ្មាំល្បាតឆ្នេរចិន ដែលបានបំផ្លាញនាវារបស់ទីក្រុងម៉ានីល និងធ្វើឱ្យសមាជិកនាវិករងរបួស។
ជាការឆ្លើយតបនឹងការព្រួយបារម្ភ ក្រសួងការបរទេសចិន បាននិយាយកាលពីសប្តាហ៍មុនថា ច្បាប់ថ្មីនេះគឺដើម្បីការពារសណ្តាប់ធ្នាប់ដែនសមុទ្រប៉ុណ្ណោះ ហើយថាមិនចាំបាច់មានការព្រួយបារម្ភទេ ប្រសិនបើមិនមានការប្រព្រឹត្តខុសច្បាប់ពីបុគ្គល និងស្ថាប័នពាក់ព័ន្ធ៕