
រុស្ស៊ី និងអ៊ុយក្រែន បានអះអាងកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ពួកគេ បានវាយប្រហាររុញច្រានគ្នាទៅវិញទៅមកជាច្រើនដង នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ភាគីជម្លោះទាំងពីរ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងទ័ពរបស់ខ្លួន បានវាយរុញច្រានការវាយប្រហារពីកងទ័ពអ៊ុយក្រែន ក្នុងទិសដៅជាច្រើន និងបានបំផ្លាញរថពាសដែករបស់អ៊ុយក្រែន កាំភ្លើងធំកម្លាំងរុញស្វ័យកម្ម និងយុទ្ធោបករណ៍ផ្សេងទៀត ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។
កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 របស់កងទ័ពអាកាសអ៊ុយក្រែនមួយគ្រឿង និងយានដ្រូនចំនួន៣៩គ្រឿង ហើយស្ទាក់ចាប់បានមីស៊ីល គ្រាប់បែកពីលើអាកាសស៊ីបគោលដៅ និងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់។
ទន្ទឹមនឹងនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅថ្ងៃដដែលនៅក្នុងរបាយការណ៍របស់ខ្លួនថា ការប្រឈមមុខដាក់គ្នាចំនួន១០៨លើកបានកើតឡើង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ ស្ថានភាពតានតឹងបំផុតនៅតែស្ថិតក្នុងទិសដៅតំបន់ ប៉ូក្រូស្កេ(Pokrovske) ជាកន្លែងដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយរុញច្រានការវាយលុករបស់រុស្ស៊ី។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ក្រុមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដើម្បីពិភាក្សាអំពីជំនួយយោធារបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន។
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រូសធេម យូម៉េរ៉ូវ(Rustem Umerov) បានចូលរួមក្នុងកិច្ចប្រជុំនេះ។
ក្រុមរដ្ឋមន្ត្រី មានការខ្វែងគំនិតគ្នាថាតើអ៊ុយក្រែនគួរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលសហភាពអឺរ៉ុប ឬណាតូ បញ្ជូនទៅវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា។
លោក Borrell បានពន្យល់ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា បេសកកម្មបណ្តុះបណ្តាលទាហានអ៊ុយក្រែនរបស់សហភាពអឺរ៉ុប នឹងដំណើរការយ៉ាងរលូន ដែលនឹងបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ៦០.០០០នាក់នៅចុងរដូវក្តៅនេះ តាមការរំពឹងទុក។