
បណ្ដាអ្នកវិភាគ និងមន្ត្រី នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការរិះគន់ដ៏កម្រមានរបស់កូរ៉េខាងជើង ចំពោះប្រទេសចិន ក្នុងសប្តាហ៍នេះ បានគូសបញ្ជាក់ពីរបៀប ដែលទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង មិនមានការយល់ឃើញស្របគ្នា ជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែរខុសច្បាប់របស់កូរ៉េខាងជើង បើទោះបីជាមានទំនាក់ទំនងយ៉ាងកក់ក្ដៅលើវិស័យផ្សេងៗទៀតក៏ដោយ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានថ្កោលទោសចិន ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ (ទី២៧ ខែឧសភា) សម្រាប់ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយហៅការប្រកាសរួមរបស់ប្រទេសទាំង៣ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូលថា ជា «ការបង្កហេតុនយោបាយយ៉ាងធ្ងន់ធ្ងរ» ដែលរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។
អ្នកវិភាគមួយរូប បានលើកឡើងថា ទោះបីជាទីក្រុងប៉េកាំង បានជួយសម្រាលសេចក្តីថ្លែងការណ៍នោះ ដោយការគាំទ្រពាក្យឧបទ្វីប ជាជាងសំដៅលើកូរ៉េខាងជើងជាពិសេសក៏ដោយ ក៏វាគ្រប់គ្រាន់ក្នុងការធ្វើឲ្យអ្នកជិតខាងខ្លួនមានកំហឹងដែរ។
លោកស្រី Patricia Kim មកពីស្ថាប័ន Brookings នៅសហរដ្ឋអាមេរិក បានបន្ថែមពីលើការលើកឡើងនេះថា៖ «វាគឺជារឿងគួរឲ្យកត់សម្គាល់ដែលកូរ៉េខាងជើង បានរិះគន់សេចក្តីថ្លែងការណ៍រួម ដែលប្រទេសចិនបានចុះហត្ថលេខា សូម្បីតែបន្ទាប់ពីទីក្រុងប៉េកាំង បានជួយសម្រាលសេចក្តីថ្លែងការណ៍នេះបន្តិចក៏ដោយ»។
សូមបញ្ជាក់ថា ក្នុងសុន្ទរកថារបស់ពួកគេ ប្រទេសទាំង៣ «បានអះអាងឡើងវិញនូវគោលជំហរ ស្តីអំពីសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ» ប៉ុន្តែមិនដូចសេចក្តីថ្លែងការណ៍បែបនេះចុងក្រោយបង្អស់ ក្នុងឆ្នាំ២០១៩ និងនៅមុននេះទេ មិនបានប្តេជ្ញាបន្តរំសាយអាវុធនុយក្លេអ៊ែរនោះឡើយ៕