
សហជីពដ៏ធំមួយតំណាងឲ្យមនុស្សរាប់ម៉ឺននាក់ នៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ បាននិយាយថា កម្មករនឹងធ្វើកូដកម្មជាលើកដំបូងមិនធ្លាប់មាន ដែលអាចជាការគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះអេឡិចត្រូនិកដ៏សំខាន់ នៅទូទាំងពិភពលោក។
នៅឯសន្និសីទសារព័ត៌មានផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ សហជីព National Samsung Electronics បានឲ្យដឹងថា៖ «យើងមិនអាចទ្រាំទ្រនឹងការធ្វើទុក្ខបុកម្នេញលើសហជីពបានទៀតទេ។ យើងកំពុងប្រកាសពីកូដកម្ម ដើម្បីឆ្លើយតបនឹងការធ្វេសប្រហែសរបស់ក្រុមហ៊ុន ចំពោះកម្មករ»។
ដោយត្រូវបានរាយការណ៍ថា តំណាងឲ្យប្រហែល ២០ភាគរយនៃកម្លាំងការងាររបស់ក្រុមហ៊ុនដែលមានមនុស្សចំនួនប្រហែល ២៨.០០០នាក់នោះ សហជីពមួយនេះ បានបន្ថែមថា៖ «យើងបានព្យាយាមដោះស្រាយបញ្ហាតាមរយៈការសន្ទនា។ ការទទួលខុសត្រូវ ចំពោះរាល់សកម្មភាពរួម ចាប់ពីពេលនេះ គឺស្ថិតនៅលើក្រុមហ៊ុនផ្ទាល់។ យើងកំពុងប្រកាសជំហររបស់យើង ដើម្បីឆ្លើយតបនឹងការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងការជ្រៀតជ្រែក ក្នុងការតស៊ូដោយសន្តិវិធីរបស់យើង រហូតមកដល់ពេលនេះ»។
សូមបញ្ជាក់ថា Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខគេ Samsung Group ដែលជាក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនេះ គឺជាក្រុមហ៊ុនធំជាងគេក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារ ដែលគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ របស់អាស៊ី។
ប្រសិនបើកូដកម្មដំណើរការទៅមុខ វានឹងក្លាយជាការដើរចេញមិនព្រមធ្វើការជាលើកដំបូងមិនធ្លាប់មានរបស់កម្មករ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ៕