
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា ឧបទ្ទវហេតុជាទៀងទាត់នៃចំហេះព្រៃនៅក្នុងតំបន់កាស្មៀរប្រទេសឥណ្ឌា បានផ្តល់ដំណឹងដល់អាជ្ញាធរឱ្យចាត់វិធានការបន្ទាន់។ នៅប្រទេសឥណ្ឌា ភាគខាងជើង កំពុងស្ថិតនៅក្រោមរលកកម្តៅក្តៅខ្លាំង ដោយមានសីតុណ្ហភាពចន្លោះពី ៤៥ទៅ៤៩អង្សាសេ នៅ ផ្នែកជាច្រើនរបស់ប្រទេស។
មន្ត្រីនិយាយថា អង្គភាពពន្លត់អគ្គីភ័យ ត្រូវបានដាក់ពង្រាយនៅជុំវិញទីតាំងច្រើនកន្លែង នៅក្នុងតំបន់ ដើម្បីធានាបាន ការអន្តរាគមន៍ទាន់ពេលវេលា។ ចំហេះព្រៃ គឺជាការមើលឃើញធម្មតា នៅក្នុងរដូវក្តៅខ្លាំង ដោយសារតែមានការកើនឡើងនៃសំណល់ស្លឹកឈើ ស្លឹកឈើស្ងួតជ្រុះនៅលើដី ខ្វះសំណើម និងមានខ្យល់ខ្លាំង អាចបង្កជាចំហេះព្រៃរាលដាល។
ក្នុងពេលមានសីតុណ្ហភាពកើនឡើង អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ តំបន់ ជេមមូ និងកាស្មៀរ បានព្យាករណ៍ពីហានិភ័យ «ចំហេះព្រៃខ្លាំង» នៅទូទាំងតំបន់ភ្នំហិម៉ាឡៃ។ ប្រជាជន ត្រូវបានគេស្នើសុំឱ្យរាយការណ៍អំពីឧបទ្ទវហេតុ សម្រាប់ការឆ្លើយតបបន្ទាន់។
អាជ្ញាធរក្នុងតំបន់ ជេមមូ និងកាស្មៀរ បានប្រយុទ្ធទប់ទល់ដើម្បីគ្រប់គ្រងចំហេះព្រៃនៅថ្ងៃពុធនេះ ខណៈប្រទេសឥណ្ឌា កំពុងទទួលរងសីតុណ្ហភាពខ្ពស់ ខុសពីធម្មតា នៅរដូវក្តៅនេះ។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា បានចេញការប្រកាសអាសន្នពណ៌ក្រហម សម្រាប់ផ្នែកជាច្រើននៅភាគពាយព្យរបស់ប្រទេស ដោយព្រមានអំពីរលកកម្តៅក្តៅខ្លាំង មួយថ្ងៃបន្ទាប់ពីផ្នែកមួយចំនួននៅរដ្ឋធានីឌេលី បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយសីតុណ្ហភាពកើនឡើងដល់ជិត៥០អង្សាសេ ។
មនុស្សរាប់ពាន់លាននាក់នៅទូទាំងទ្វីបអាស៊ី រួមទាំងប្រទេសជិតខាងរបស់ឥណ្ឌា ប៉ាគីស្ថាន បាននិងកំពុងជួបប្រទះរដូវក្តៅកាន់តែក្តៅខ្លាំងនៅឆ្នាំនេះ ជានិន្នាការ ដែលអ្នកវិទ្យាសាស្ត្រអន្តរជាតិ និយាយថា កាន់តែមិនអំណោយផលខ្លាំង ដោយសារតែបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។