
នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ឡើងកាន់តំណែង នៅឆ្នាំ២០២២ គណបក្សស្តាំជ្រុលនិយម នៅទូទាំងទ្វីបអឺរ៉ុប បានសាទរចំពោះជ័យជម្នះរបស់លោកស្រី ដោយរំពឹងថា មេដឹកនាំថ្មោងថ្មីដ៏ក្លៀវក្លារូបនេះ នៅទីក្រុងរ៉ូម នឹងបន្តរបៀបវារៈជាតិនិយម និងប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យរបស់ទីក្រុងប្រ៊ុចសែល។
ប៉ុន្តែជាជាងការមិនចុះសម្រុងជាមួយឥស្សរជនសហភាពអឺរ៉ុប (EU) លោកស្រី Meloni បានធ្វើឲ្យមិត្រភក្តិ និងគូអរិភ្ញាក់ផ្អើលដូចគ្នា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំទាំងនោះ ដោយបង្ហាញពីខ្លួនលោកស្រីថា ជាស្ពានតភ្ជាប់ រវាងគណបក្សស្ដាំនិយមកណ្ដាល និងគណបក្សអភិរក្សនិយមរបស់លោកស្រី ដែលពីមុនត្រូវបានគេមើលរំលង។
ឥទ្ធិពលរបស់លោកស្រីអាចនឹងកើនឡើងទៀត បន្ទាប់ពីការបោះឆ្នោតសហភាពអឺរ៉ុប នាខែក្រោយ ប្រសិនបើដូចដែលលោកស្រីបានព្រលយពាក្យ ដែលថា លោកស្រីគាំទ្រប្រធានគណៈកម្មការស្តាំនិយមកណ្តាល លោកស្រី Ursula von der Leyen សម្រាប់ការកាន់តំណែងប្រធាន EU អាណត្តិទី២។
នោះនឹងផ្តល់ឲ្យលោកស្រីនូវឥទ្ធិពលលើនាយកប្រតិបត្តិថ្មីរបស់ EU ផ្ដល់ឱកាសកាន់តែខ្ពស់ដល់របស់លោកស្រី ក្នុងការឈ្នះតំណែងនយោបាយដ៏សំខាន់ សម្រាប់ប្រទេសអ៊ីតាលី នៅក្នុងគណៈកម្មាការបន្ទាប់ និងពង្រឹងតួនាទីរបស់លោកស្រីជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពល។
លោក Carlo Fidanza ប្រធានគណបក្ស Brothers of Italy របស់លោកស្រី Meloni នៅអឺរ៉ុប បាននិយាយថា៖ «លោកស្រី Meloni គឺជាមនុស្សល្អបំផុតក្នុងការដើរតួជាស្ពានតភភ្ជាប់ រវាងក្រុមផ្សេងៗនៃពួកស្តាំនិយម និងស្ដាំនិយមកណ្តាល នៅអឺរ៉ុប ជាកន្លែងដែលលោកស្រី គឺជាមេដឹកនាំទទួលបានការគោរព និងទទួលស្គាល់»។
លោកស្រី Von der Leyen និងសម្ព័ន្ធមិត្តរបស់លោកស្រី បាននិយាយរួចមកហើយថា ពួកគេនឹងមិនធ្វើការជាមួយនឹងក្រុមអ្នកមានមូលដ្ឋានគ្រឹះហួសហេតុជាងនេះទេ ក្នុងនោះរួមទាំងសម្ព័ន្ធមិត្តអ៊ីតាលីរបស់លោកស្រី Meloni គឺលោក Matteo Salvini ដែលជាប្រធានគណបក្សប្រឆាំងជនអន្តោប្រវេសន៍ និងគណបក្សរួមកម្លាំងជាតិរបស់លោកស្រី Marine Le Pen នៅប្រទេសបារាំង៕