
លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ ទៅកាន់បណ្តាប្រទេសអឺរ៉ុប ដែលកំពុងពិចារណាផ្តល់ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេ សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី។
ថ្លែងនៅទីក្រុង Tashkent អំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន បានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើអាវុធរបស់លោកខាងលិច ត្រូវបានអនុញ្ញាតឲ្យប្រើក្នុងការវាយប្រហារលើដីរុស្ស៊ី។
“នៅអឺរ៉ុប ជាពិសេសក្នុងប្រទេសតូចៗ ពួកគេ គួរតែដឹងពីអ្វីដែលពួកគេកំពុងលេងជាមួយ។ ពួកគេ គួរតែចងចាំថា ពួកគេជាប្រទេសដែលមានទឹកដីតូច និងមានប្រជាជនរស់នៅច្រើន... នេះជាកត្តាដែលពួកគេគួរតែចងចាំ មុននឹងនិយាយអំពីការវាយប្រហាររុស្ស៊ី»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង នៅពេលដែលមេដឹកនាំអឺរ៉ុបកាន់តែច្រើនឡើងៗ បានសម្តែងការគាំទ្រចំពោះអ៊ុយក្រែន ដែលយកសង្រ្គាមចូលទៅក្នុងទឹកដីរុស្ស៊ី នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កាលពីថ្ងៃអង្គារ។
ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល ( Josep Borrell) បាននិយាយថា វា«អាចធ្វើទៅបានយ៉ាងល្អឥតខ្ចោះ»សម្រាប់អ៊ុយក្រែន ក្នុងការវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី ហើយមិនមាន «ភាពផ្ទុយគ្នា»ទៅនឹងច្បាប់នៃសង្គ្រាមនោះទេ។